Thứ 3, 21/08/2018, 2:4 GMT+7
ខេត្ត កៀនយ៉ាង សហការយ៉ាងល្អជាមួយខេត្ត ក្រុងទាំង ៥ របស់ព្រះរាជាណាចក្រកម្ពុជា
09:59, 27/07/2018
រហូតមកទល់ពេលនេះ ខេត្ត កៀនយ៉ាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្ត ក្រុងទាំង ៥ របស់ព្រះរា ជាណាចក្រ កម្ពុជា រួមមាន៖ កែប កំពត ព្រះសីហនុ កោះកុង និងទីក្រុង ភ្នំពេញ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យកសិកម្ម ជលផល ពាណិជ្ជកម្ម សុខាភិបាល អប់រំ វប្បធម៌ - កីឡា ទេសចរណ៍ វិស័យការពារជាតិ - សន្តិសុខ។ល។
លោក ផាមវូហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត កៀនយ៉ាង បានអោយដឹងថា៖ ក្នុងអំឡុងពេលកន្លងទៅ ខេត្ត កៀនយ៉ាង និងខេត្ត ក្រុងទាំង ៥ នៃប្រទេសជាមិត្តជិតខាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយអនុវត្តល្អភារកិច្ចនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា អនុវត្តប្រកបដោយប្រសិទ្ធិភាពជាបង្គួរនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ ចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ រឹតបន្តឹងចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរនិយាយរួមនិងរវាងខេត្ត កៀនយ៉ាង ជាមួយនឹងបណ្តាខេត្ត ក្រុងរបស់ កម្ពុជា និយាយដោយឡែកកាន់តែស្និទ្ធស្នាល រឹងមាំនិរន្តរភាពនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ 
 
កម្មាភិបាល យុទ្ធជនប៉ុសិ៍្តការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ហាតៀន ជាមួយកងកម្លាំងការពារព្រំដែន កម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែនរួម។ រូបថត៖ ឡេសែន-ទីភ្នាក់ងារព័ត៌មានវៀតណាម
 
សមិទ្ធផលដ៏លេចធ្លោទាំងអស់ក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្ត កៀនយ៉ាង ជាមួយនឹងខេត្ត ក្រុងទាំង ៥ នៃប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅគឺ សហការក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន បង្ការប្រឆាំងនិងទប់ស្កាត់សកម្មភាពនៃឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតំបន់ព្រំដែន ការពារ​ខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន កសាងផ្លូវព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាពនិងអភិវឌ្ឍន៍ សហការក្នុងការអភិវឌ្ឍពាណិជ្ជកម្មព្រំដែន ការនាំចូលនិងនាំចេញ សកម្មភាពសេដ្ឋកិច្ច-សង្គម បណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល សកម្មភាពមនុស្សធម៌ សុខុមាលភាពសង្គម ស្វែងរុករក ប្រមូលផ្តុំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការ វៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងប្រទេស កម្ពុជា។ល។
 
ចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ សរុបទឹកប្រាក់ទំនិញនាំចេញនិងនាំចូលរវាងខេត្ត កៀនយ៉ាង ជាមួយនឹងខេត្ត ក្រុងនានារបស់ កម្ពុជា សម្រេចបានជាង ៤១៤ លានដុល្លារអាមេរិក។

ក្នុងនោះ ការនាំចេញមានតម្លៃទឹកប្រាក់ជាង ២០២ លានដុល្លារអាមេរិក ដោយមានមុខទំនិញចម្បងៗដូចជា៖ ស្បៀងអាហារកែច្នៃ របស់របរប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ ចំណីអាហារសម្រាប់សត្វពាហនៈ គ្រឿងសមុទ្រ។ល។

ការនាំចូលមានតម្លៃទឹកប្រាក់ជាង ២១១ លានដុល្លារអាមេរិក ដោយមានមុខទំនិញផ្សេងៗ ដូចជា៖ ម្នាងសិលា ធ្យូងថ្ម គ្រឿងសមុទ្រក្លាសេ គ្រឿងទេសផ្សំបន្ថែមប្រើប្រាស់ក្នុងការកែច្នៃស្បៀងអាហារ។ល។

សរុបចំនួនអ្នកឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិ ហាតៀន - ព្រែកចាក និងច្រកទ្វាជាតិ យ៉ាងថាញ់ - តន់ហន់ ជាង ៣២២.០០០ លើកនាក់។

ថ្នាក់ដឹកនាំខេត្ត កៀនយ៉ាង និងថ្នាក់ដឹកនាំខេត្ត ក្រុងទាំងឡាយនៃប្រទេសកម្ពុជា បានជួបជុំពិភាក្សា ផ្តោះប្តូរយោបល់ ជូនដំណឹងជារឿយៗ អំពីស្ថានការណ៍ រួមគ្នាដោះស្រាយរាល់ការលំបាកលំបិន ឧបសគ្គ ជាពិសេសគឺបញ្ហាព្រំដែនក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងយោគយល់គ្នាទៅវិញទៅមក ចាត់តាំងកម្មពិធីទស្សនកិច្ច សួរសុខទុក្ខ អបអរសាទរ ជួបសំណេះសំណាល ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកក្នុងឱកាសនៃពិធីបុណ្យទានទាំងឡាយនៃប្រទេសនិមួយៗ ប្រជាជាតិនិមួយ បង្កលក្ខណៈងាយស្រួលអោយប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទៅមកតាមច្រកទ្វារព្រំដែនសម្រាប់ប្រកបអាជីវកម្ម លក់ដូរ ផ្តោះប្តូរ សួរសុខទុក្ខសាច់ញាតិ។ល។ ក្នុងគោលបំណងរឹតបន្តឹងថែមទៀតនូវសាមគ្គីភាព កសាងតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍។

នាពេលខាងមុខ ថ្នាក់ដឹកនាំខេត្ត កៀនយ៉ាង និងថ្នាក់ដឹកនាំខេត្ត ក្រុងទាំង ៥ របស់ កម្ពុជា នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាដើម្បីមូលដ្ឋាននិមួយៗ មានស្ថិរភាពក្នុងវិស័យនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមយ៉ាងឆាប់រហ័ស ចីរភាព ប្រជាជនសងខាងមានជីវភាពរស់នៅសុខសាន្ត កក់ក្តៅ សម្បូរសប្បាយនិងសុភមង្គល រួមចំណែកធ្វើអោយទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានមេត្រីភាពនិងចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍នៅរាល់វិស័យសេដ្ឋកិច្ច - វប្បធម៌ ស្ថិរភាពសណ្តាប់ធ្នាប់ សន្តិសុខដែនសមុទ្រ ព្រំដែន ហើយបង្កើនទំនាក់ទំនងក្នុងវិស័យការបរទេស។

ថ្នាក់ដឹកនាំខេត្ត កៀនយ៉ាង និង ថ្នាក់ដឹកនាំបណ្តាខេត្ត ក្រុងនៃប្រទេស កម្ពុជា ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក នៃភាគីទាំងពីរនឹងម្ចាស់ការក្នុងការដាក់ចេញផែនការសហការ វិធានការអនុវត្តជាក់ស្តែង។​

តាមរយៈនោះ កងកម្លាំងសមត្ថកិច្ចភាគីទាំងពីរនឹងសហការយ៉ាងល្អប្រសើរក្នុងការងារគ្រប់គ្រង ការពារព្រំដែន ជួបជុំពិភាក្សា ផ្តោះប្តូរព័ត៌មាន ជូនដំណឹងអោយគ្នាទៅវិញទៅមកជារឿយៗ ដើម្បីទប់ស្កាត់ ដោះស្រាយដោយទាន់ពេលវេលាចំពោះឧក្រិដ្ឋកម្មគ្រប់ប្រភេទ។

ឧស្សាហ៍សហការគ្នាក្នុងកិច្ចការការពារដែនសមុទ្រ អប់រំប្រជានេសាទមិនរំលោភបំពាន ធ្វើអាជីវកម្មផលសមុទ្រខុសច្បាប់ក្នុងដែនសមុទ្រនៃប្រទេសដទៃ បន្តរក្សាស្ថិរភាព ស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅលើដែនសមុទ្រ។

ទន្ទឹមនឹងនោះ មានវិធានការដោះស្រាយដោយទាន់ពេលវេលាលើករណីទាំងឡាយដែលកើតមានឡើងនៅតំបន់ព្រំដែនក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងយោគយល់គ្នាទៅវិញទៅមក បន្តការបង្កលក្ខណៈងាយស្រួលសម្រាប់ការរីកចម្រើននៃការដោះដូរ លក់ដូរទំទិញ បម្រើការល្អនូវតម្រូវការរបស់ប្រជាជននៅសងខាងព្រំដែនរៀងៗ ខ្លួន សកម្មបង្ការទប់ស្កាត់ការរត់ពន្ធទំនិញ ការក្លែងបន្លំក្នុងវិស័យពាណិជ្ជកម្ម។ល។
ឡេហ៊ុយហាយ (ទីភ្នាក់ងារព័ត៌មានវៀតណាម)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖