Thứ 6, 28/07/2017, 11:54 GMT+7
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋភិបាល ង្វៀនស៊ន់ភុក អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង
14:13, 30/07/2016
កាលពីរសៀលថ្ងៃទី ២៦ ខែ កក្កដា ដោយមានសមាជិកសភាចំនួន ៤៨៥ រូបបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ ​ (គឺស្មើនឹង ៩៨,១៨% សរុបនៃចំនួនសមាជិករដ្ឋសភា) លោក ង្វៀនស៊ន់ ភុក បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីនៃរដ្ឋភិបាលតាមលទ្ធផលបោះឆ្នោតដោយសំងាត់នៅក្នុងសម័យប្រជុំលើកទីមួយ រដ្ឋសភានីតិកាលទី ១៤។

ពិធីការចូលកាន់តំណែងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានប្រារព្ធឡើងយ៉ាងមហោឡារិកនៅឯសាលប្រជុំរដ្ឋសភានាវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃដដែល។

លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

ប្រារព្ធពិធីការធ្វើសច្ចាប្រណិធានចូលកាន់តំណែងចំពោះមុខរដ្ឋសភា ម្ចាស់ឆ្នោតនិងជនរួមជាតិទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក បញ្ជាក់ច្បាស់ថា៖ “ក្រោមទង់ក្រហមផ្កាយលឿងដ៏ពិសិដ្ឋនៃប្រទេសជាតិ ចំពោះមុខរដ្ឋសភា ជនរួមជាតិនិងម្ចាស់ឆ្នោតទូទាំងប្រទេស ខ្ញុំបាទនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមធ្វើសច្ចាប្រណិធាន៖ស្មោះស្ម័គ្រចំពោះជាតិមាតុភូមិ ចំពោះប្រជាជន ចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ជាដាច់ខាត ខិតខំប្រឹងប្រែងបំពេញការងារដើម្បីសម្រេចភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់អោយ"។

បន្ទាប់ពីការធ្វើសច្ចាប្រណិធាន ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ជូនដំណឹងដោយថ្លែងថា៖ “រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម កត់សម្គាល់ពាក្យសច្ចាប្រណិធានរបស់លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក”។

ថ្លែងសុន្ទរកថាចំពោះមុខអង្គរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក សំដែងអំណរគុណចំពោះរដ្ឋសភាដែលបានទុកចិត្តបោះឆ្នោតអោយធ្វើជានាយករដ្ឋមន្រ្តីនៃរដ្ឋភិបាលនីតិកាលទី ១៤។ ដោយបានយល់ច្បាស់អំពីអម្រែកដ៏ធ្ងន់ធ្ងរចំពោះមុខបក្ស រដ្ឋសភានិងប្រជាជន ម្ចាស់ឆ្នោតទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តីអះអាងថានឹងប្រឹងប្រែងអស់ពីសម្ថភាពខ្លួនដើម្បីបំរើជាតិមាតុភូមិ បំរើប្រជាជន។

លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា៖ “ក្នុងឋានៈជាអ្នកដឹកនាំកំពូលនៃស្ថាប័នរដ្ឋបាលរដ្ឋ ខ្ញុំបាទនឹងរួមជាមួយសមូហភាពរដ្ឋាភិបាលបន្តវេននិងពង្រីកសមិទ្ធផលទាំងឡាយនៃ ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ឆ្លៀតឆក់ យកឱកាស ភាពងាយស្រួលជាអតិបរិមា ពុះពារជំនះគុណវិប្បត្តិ បញ្ហាប្រឈម ពុះពារជំនះការលំបាកលំបិន ខិតខំប្រឹងប្រែងកសាងរដ្ឋាភិបាលមួយប្រកបដោយស្ថាបនា អភិវឌ្ឍន៍ មានតម្លាភាពនិងស្អាតស្អំ ធ្វើសកម្មភាពដោយដាច់ខាតសម្រាប់បំរើប្រជាជន រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ជម្រុញខ្លាំងក្លាបុព្វហេតុផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យ អនុវត្តដោយជោគជ័យរាល់គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយបង្កលក្ខណៈងាយស្រួលដើម្បីបន្តការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអនាគតឆ្ងាយជាងនោះទៅទៀត៕
ក្វាងវូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖