Thứ 7, 22/07/2017, 9:38 GMT+7
សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា
11:23, 22/12/2016
តបតាមអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម ង្វៀនស៊ន់ភុក នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការសាធារណរដ្ឋសង្គមនិយម វៀតណាម ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦។
ប្រទេសទាំងពីរបានចេញសេចក្តី​ថ្លែងការណ៍​រួម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាម របស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។

ទីភា្នក់ងារព័ត៌មានវៀតណាមសូមឧទ្ទេសនាមនូវខ្លឹមសារទាំងស្រុងនៃសេចក្ដីថ្លែងការណ៍រួមដូចតទៅ៖

១. តាមការអញ្ជើញរបស់ឯកឧត្តម ង្វៀនស៊ន់ភុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម ពីថ្ងៃទី ២០ ដល់ ថ្ងៃ ទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦។

ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សា ជាមួយឯកឧត្តម ង្វៀនស៊ន់ភុក នាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមឯកឧត្តម ង្វៀនភូត្រុង អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម និងឯកឧត្តម ត្រឹនដាយក្វាង ប្រធានរដ្ឋ ជួបជាមួយលោកជំទាវ ង្វៀនធីគីមង៉ឹន ប្រធានសភា ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពលីនិងនៅមតកៈចេតេយ  (វិមានតម្កល់សព) លោកប្រធាន ហូជីមិញ និងបានអញ្ជើញទៅទស្សនកិច្ចនៅក្រុង ហូជីមិញ និង ខេត្ត ដុងណា។

ក្នុងឱកាសនេះផងដែរនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣ គឺ៖  ១). សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម ២). សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម និង ៣). កិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនារបស់ព្រះរាជាណាចក្រ កម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។
 
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម


២. ក្នុង​បរិយា​កាស​​​មិត្តភាព ការយោគ​យល់​គ្នាទៅ​វិ​ញទៅ​មក និងការទុកចិត្តគ្នា ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពី​រ​បាន​ពិភាក្សាយ៉ាងស៊ីជម្រៅពីទំ​នាក់​ទំ​នង​មិត្តភាព ​និង​កិច្ច​សហ​​ប្រតិបត្តិការ​​គ្រប់​ជ្រុងជ្រោយរវាងព្រះរាជាណា ចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម វៀតណាម និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់  វៀតណាម ក្នុងការស្តារ កសាងនិងអភិវឌ្ឍជាតិនិងជូនពរប្រជាជន វៀតណាម ទទួលបានជោគជ័យក្នុងការធ្វើ ឧស្សាហនីយកម្ម និងទំនើបកម្ម ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត និងរដ្ឋវៀតណាម។

ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងថ្នាក់ដឹកនាំដទៃទៀតរបស់ វៀតណាម បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រជាជនកម្ពុជាទទួលបាន ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញា ញាណរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីនិងក្រោមការដឹកនាំរបស់ព្រឹទ្ធ សភា រដ្ឋសភានិងរាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុងការកសាង និងអភិវឌ្ឍជាតិដែលបាននាំមកនូវស្ថិរភាពនយោបាយនិងសង្គម ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដូច ជាការ ពង្រឹងកាន់តែខ្លាំងឡើងនូវជំហរ និងតួនាទីរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងតំបន់និងពិភពលោក។ ក្នុង ឱកាសនេះ ថ្នាក់ដឹកនាំ វៀតណាម បានជូនពរយ៉ាងស្មោះស្ម័គ្រជូនកម្ពុជាឱ្យទទួលបានជោគជ័យដ៏ធំធេងក្នុង ការរៀប​ចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិ កាលទី ៦ នៅឆ្នាំ ២០១៨ និងការបន្តកសាងព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយសន្តិភាពនិងវិបុលភាព។

រសៀលថ្ងៃទី ២០ ខែ ធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស​ អគ្គលេខាបក្ស ង្វៀនភូត្រុង  អញ្ជើញទទួលជួបសវនាការជាមួយនឹងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា មកទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម។ រូបថត៖ ទ្រីយ៉ុង - ទីភ្នាក់ងារព័ត៌មានវៀតណាម


៣. ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការបោះជំហានទៅមុខនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និង វៀតណាម នាពេលកន្លងមក ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

វៀតណាម បានសង្កត់ធ្ងន់ថា វៀតណាម តែងតែផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅការគាំទ្រដ៏មានតម្លៃ និងជំនួយឧបត្ថម្ភនានារបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”  ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្នាក់ ដឹកនាំនិងប្រជាជនកម្ពុជាដែលបានផ្តល់ជូនប្រជាជន វៀតណាម  ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិកាលពី អតីតកាល ក៏ដូចជាការកសាងនិងអភិវឌ្ឍជាតិនៅពេលបច្ចុប្បន្ន​។

កម្ពុជា បានសម្តែងការ​ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និង ប្រជាជន ​វៀតណាម ជាច្រើនជំនាន់បានផ្តល់ជូនប្រជាជន កម្ពុជា នាអតីតកាល និងក្នុងបច្ចុប្បន្នកាល ដោយបញ្ជាក់ថា ប្រជាជនកម្ពុជា តែងតែចងចាំចំពោះការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ក្នុងការ សហការ ជាមួយប្រជាជន កម្ពុជា ដើម្បីរំដោះកម្ពុជាចេញពីរបបប្រល័យពូជ​សាសន៍ខ្មែរក្រហម នៅឆ្នាំ ១៩៧៩។
 
រសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ​ ២០១៦ នៅ​វិមានប្រធាន​រដ្ឋ លោកប្រធាន​រដ្ឋ ​ត្រឹន​ដាយ​ក្វាង​​​​ ​អញ្ជើញទទួលជួបសវនាការជាមួយនឹង សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសអញ្ជើញមកធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម។ រូបថត៖ ញ៉ាងសាង - ទីភ្នាក់ងារព័ត៌មានវៀតណាម


៤. ភាគីទាំងពីរបានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង វៀតណាម មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ប្រទេសទាំងពីរបាន ប្តេជ្ញាបន្ត ពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស្ថិរភាពយូរអង្វែង”។ ប្រទេសទាំងពីរ ក៏បាន ប្តេជ្ញាអនុវត្តយ៉ាងពេញ លេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីប្រកាសរួម កម្ពុជា – វៀតណាម  ឆ្នាំ ១៩៩៩ ឆ្នាំ ២០០៥ ឆ្នាំ​ ២០០៩ ឆ្នាំ ២០១១ ឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យភាពបូរណភាពទឹក ដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នានិងធានាថាមិនឱ្យមានកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បី គំរាមកំហែងសន្តិសុខប្រទេសមួយទៀត និងដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរតាម មធ្យោបាយសន្តិវិធី។

៥. ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចប្រជុំកម្រិតខ្ពស់ការទាក់ទង និង ការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ ថ្នាក់  និងជំរុញឱ្យមានការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ជាពិសេសរវាងប្រជាជននៅតាម បណ្តាខេត្តជាប់ព្រំដែន។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអប់រំប្រជាជនទាំងពីរឱ្យយល់ដឹង ពីមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ និងការជួយគ្នាទៅវិញទៅមក។
 
នារសៀលថ្ងៃទី ២១ ខែ ធ្នូ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន អញ្ជើញទទួល ជួបសវនាការជាមួយនឹងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុនសែន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅ វៀតណាម។ រូបថត៖ ត្រុងឌឹក - ទីភ្នាក់ងារព័ត៌មានវៀតណាម


៦. ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នាក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ ទំនងការទូត កម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០១៧) ដែលនឹងបង្កើនការ យោគយល់ គ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ជាពិសេសរវាងយុវជនជំនាន់ក្រោយនិងបានប្រគល់ភារកិច្ច ជូនក្រសួងការបរទេសទាំងពីរក្នុងការរៀបចំខួបអនុស្សាវរីយ៍នេះ។

៧. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យនានា ដែលបានចុះហត្ថ លេខានិងបានឯកភាពណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នាក្នុងការកែសម្រួយន្តការ ពាក់ព័ន្ធ ដើម្បីស្វែងរកវិធានការដែលមានប្រសិទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យ សម្រេចតាមគោលដៅ ៥ ពាន់លានដុល្លារអាមេរិកនាបណ្តាឆ្នាំខាងមុខ។

៨. ភាគីទាំងពីរបានបញ្ជាក់អះអាងសារជាថ្មីនូវការគោរព និងការអនុវត្តឱ្យបានពេញលេញសន្ធិសញ្ញាកំណត់ ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំងពីរ។ ភាគីទាំងពីរបានកោតសរសើរយ៉ាង ជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលសម្រេចបានជាង ៨៣% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងរយៈពេលកន្លងមកដោយ ឈរលើមូលដ្ឋាននៃ សន្ធិសញ្ញាកំណត់ព្រំដែន រវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធផលដែលសម្រេចបានទាំងនេះ ភាគីទាំង ពីរបានប្តេជ្ញាថានឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅ សេសសល់ ដើម្បីបញ្ចប់ ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់ និងបញ្ចប់ឯកសារខណ្ឌសីមាពាក់ព័ន្ធឱ្យបានឆាប់ តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

៩. ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុក និងថ្នាក់ដឹក នាំវៀតណាម ដទៃទៀតបានថ្លែងអំណរគុណ សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ថ្នាក់ដឹកនាំដទៃទៀតនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់កម្ពុជាដែលបានផ្តល់ ការ ជួយឧបត្ថម្ភដល់អនិកជន វៀតណាម នាពេលកន្លងមក។​​ ក្នុងស្មារតីភាពជាអ្នកជិតខាងដ៏ល្អរវាង ប្រទេស ទាំងពីរ ថ្នាក់ដឹកនាំ វៀតណាម សង្ឃឹមថា កម្ពុជានឹងបន្តចាត់វិធានការសមស្របនានាក្នុងការធានាសិទ្ធិស្រប ច្បាប់របស់អនិកជនវៀតណាមនៅ កម្ពុជា ដែលត្រូវបានប្រព្រឹត្តដោយស្មើភាពដូចជនបរទេសដទៃទៀតដែល រស់នៅ កម្ពុជា ស្របតាមច្បាប់និងលិខិតបទដ្ឋានរបស់ប្រទេសកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹង និង ពង្រីកមិត្តភាពជាប្រពៃណីរវាងប្រជាជនប្រទេសទាំងពីរ។

១០. ភាគីទាំងពីរអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវេទិកាពហុភាគីនាអតីតកាល ជាពិសេស ការគាំទ្រគ្នាទៅវិញទៅមកចំពោះបេក្ខភាពរបស់ប្រទេសនីមួយៗ ក្នុងអង្គការអន្តរជាតិសំខាន់ ៗ របស់អង្គការ សហប្រជាជាតិ។ ក្នុងបរិបទនៃការកើនឡើងនូវភាពស្មុគ្រស្មាញក្នុងតំបន់ និងសកលលោក ភាគីទាំងពីរបាន ឯកភាពបង្កើនកិច្ចសម្របសម្រួល ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី​ ជាពិសេសអាស៊ាន។

១១. ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព​ ស្ថិរភាព​ និងសន្តិសុខនៅសមុទ្រចិន ខាងត្បូង ការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី ការអត់ធ្មត់ ការជៀសវាងការគំរាមកំហែង និង ការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល រួមមានអនុសញ្ញា អង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)។ ភាគីទាំងពីរបានប្តេជ្ញាប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីក្រមប្រតិបត្តិនៃបណ្តា​​​​​ភាគីក្នុង សមុទ្រចិនខាងត្បូង (DOC) និងការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC)។
 
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត  - ទីភ្នាក់ងារព័ត៌មានវៀតណាម


១២.ភាគីទាំងពីរក៏បានសន្យាផងដែរថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នានិងជាមួយសមាជិកផ្សេងទៀត ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនិងក្របខណ្ឌកិច្ច សហប្រតិបត្តិ ការមេគង្គដទៃទៀត ដើម្បីធានាការគ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹកក្នុងអាងទន្លេមេគង្គប្រកបដោយ ចីរភាព ស្របទៅតាមការអនុវត្តជាអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្មនៃផលប្រយោជន៍របស់ប្រទេស ជាប់ដងទន្លេ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

១៣. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាន និងអត្ថន័យយ៉ាងជ្រាលជ្រៅនៃដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស វៀតណាម ដោយបានចាត់ទុកថាជា ព្រឹត្តិការណ៍មួយដ៏សំខាន់ ដែលអំណោយផលវិជ្ជមាន ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពរីកចម្រើនប្រកបដោយចីរភាពរវាង កម្ពុជា និង វៀតណាម។​

១៤. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស័្មគ្រចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅដែលថ្នាក់ដឹកនាំនិងប្រជាជន វៀតណាម ជូនចំពោះគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ក្នុងកំឡុងដំណើរទស្សនកិច្ចនេះ។

១៥.​ ក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សូមអញ្ជើញឯកឧត្តម ង្វៀន ស៊ន់ភុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក​ស្តីពីអាស៊ានលើកទី ២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៧ និង បំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ក្នុងឆ្នាំ ​២០១៧។ ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន ស៊នភុក បាន សម្តែងអំណរគុណ និងទទួលយកការអញ្ជើញនេះ។
ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖