Thứ 3, 21/08/2018, 2:3 GMT+7
៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ១)
21:03, 26/06/2017
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតនិងឆ្នាំមិត្តភាព វៀតណាម - កម្ពុជា ២០១៧ ទំព័រព័ត៌មានអេឡិកត្រូនិចចម្រុះនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមឧទ្ទេសនាមនូវអត្ថបទរបស់លោក ត្រឹនវ៉ាន់ថុង (អ្នកជំនាញការជាន់ខ្ពស់នៃគណកម្មាធិការកិច្ចការបរទេសមជ្ឈិម) រំលឹកឡើងវិញនូវសមទ្ធិផលជាមូលដ្ឋានមួយចំនួនក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងបំណងបន្តពូនជ្រំចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម - កម្ពុជា ក្នុងសម័យកាលជំរុញសមាហរណកម្មអន្តរជាតិ។
កន្លះសតវត្សរ៍មុននេះ (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ ­- ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់នេះ បានជំរុញនិងបង្កើនចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី​រវាងប្រជាជននៃប្រទេសទាំងពីរ​និងរួមចំណែក​យ៉ាង​សំខាន់ក្នុងបុព្វហេតុរំដោះជាតិ កសាងនិងការពារមាតុភូមិនៃប្រទេសរៀងៗខ្លួន។

អត្ថបទទី ១៖ បរិបទនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា
វៀតណាម និង កម្ពុជា គឺជាប្រទេសទាំងពីរដែលនៅជាប់ភូមិផងរបងជាមួយគ្នា មានភាពជិតស្និទ្ធដែល​មាន​លក្ខណៈស្រដៀងគ្នាជាច្រើន​ដូចជាទីតាំងភូមិសាស្រ្ត ប្រវត្តិសាស្រ្ត កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រជាជាតិ​កម្ពុជា មានខឿនអរិយធម៌អង្គរដ៏បវររុងរឿង ប្រជាជាតិ វៀតណាម មានវប្បធម៌ អរិយធម៌ ប្រពៃណី ៤.០០០ ឆ្នាំដ៏យូរអង្វែង។ ប្រជាជននៃប្រទេសទាំងពីរសុទ្ធតែជាជនរងគ្រោះនៃសង្គ្រាម ជាជនរងគ្រោះនៃ របបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ម៉្លោះហើយមានការស្រេកឃ្លាន អោយតម្លៃលើសន្តិភាព ចង់រក្សាឲ្យបានជារៀងរហូត​នូវ​ចំណង​មិត្ត​ភាពដែលពុំអាចកាត់ថ្លៃបានរបស់ប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រទេស វៀតណាម - កម្ពុជា ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាសម្តេច ហេងសំរិន នៅប្រទេសវៀតណាម ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៧៩ ។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

រំលឹកឡើងវិញនៅបរិបទនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា គឺត្រូវចាប់ផ្ដើមពីព្រឹត្តិការណ៍ បារាំង ចូលឈ្លានពាន វៀតណាម និង ឥណ្ឌូចិន។ ផ្ដើមឲ្យដំណើរការឈ្លានពាន នាឆ្នាំ ១៨៥៨ អាណានិគម បារាំង បាន​ឈាន​ជើងមកកាន់ច្រកទ្វាសមុទ្រ ដាណាំង (វៀតណាម)​។

បន្ទាប់ពីវាយដណ្ដើមបានបីខេត្តភាគអគ្នេយ៍ (ដុងណាមបូ) នៃប្រទេស វៀតណាម អាណានិគមបារាំង បានបន្តចូលឈ្លានពាន កម្ពុជា ហើយនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៨៦៣ បានចុះហត្ថលេខាជាមួយ កម្ពុជា លើសន្ធិសញ្ញាដាក់ប្រទេសនេះឋិតក្រោមអាណាព្យាបាលរបស់បារាំង។
 
ដោយបានបង្កើតសហព័ន្ធឥណ្ឌូចិនចាប់ពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៨៨៧ អាណានិគម បារាំង បានអនុវត្ត គោលនយោបាយទាញយកប្រយោជន៍ពីប្រទេសអាណានិគមនិងបំបែកដើម្បីត្រួតត្រា។ អាណានិគមបារាំង បានបែងចែក ឥណ្ឌូចិន ទៅជា ៥ ភូមិភាគ ក្នុងនោះ វៀតណាម រួមមានភូមិភាគចំនួន ៣ គឺ វៀតណាមខាងត្បូង (​កូសាំង​ស៊ីន)​ វៀតណាម កណ្ដាល (អណ្ណាម) និង វៀតណាម ខាងជើង (តុងកឹង)។

ការដែលអាណានិគម បារាំង បានបង្កើតសហព័ន្ធឥណ្ឌូចិន កាន់តែធ្វើឲ្យប្រជាជននៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម កាន់តែសាមគ្គី ប្រឆាំងអាណានិគមបារាំងឈ្លានពាន ដណ្ដើមឯករាជ្យជូនប្រជាជាតិនិងសេរីភាពជូនប្រជាជននៃប្រទេសរៀងៗខ្លួន។
លោកប្រធាន ហូជីមិញ ទទួលជួបព្រះអង្គម្ចាស់នរោត្តម ភូរិស្សារ៉ា រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា យាងមកបំពេញទស្សនកិច្ចប្រទេស វៀតណាម ថ្ងៃទី ១០ ខែ មករា ១៩៦៨។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ចលនាតស៊ូរបស់ប្រជាជនឥណ្ឌូចិន ប្រឆាំងអាណានិគមបារាំង បានប្ដូរមកដំណាក់កាលថ្មីជាមួយនឹង ព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ ក្រោមការចង្អុលបង្ហាញនិងណែនាំដោយផ្ទាល់និងការជួយឧបត្ថម្ភរបស់អង្គការកុម្មុយនិស្ដអន្តរជាតិ បក្សកុម្មុយនិស្ដ ឥណ្ឌូចិន ត្រូវបានបង្កើតនៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ១៩៣០។

ចាប់តាំងពីនេះ ការប្រយុទ្ធប្រឆាំងអាណានិគមនិយម បារាំង របស់ប្រជាជន ឥណ្ឌូចិន និយាយរួម របស់ប្រជាជន វៀតណាម និង កម្ពុជា និយាយដោយឡែកទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់ ចលនាកម្មករនិងប្រជាជនលើពិភពលោក។
 
ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់​​​បក្សកុម្មុយនិស្ដឥណ្ឌូចិន និង​លោកប្រធាន ហូជីមិញ ការគាំទ្រនិងជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់កងកម្លាំងជឿនលឿនលើពិភពលោក ប្រជាជន វៀតណាម ដណ្ដើមបានឯករាជ្យនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ​ ១៩៤៥ ប្រជាជនកម្ពុជា ក៏ដណ្ដើមបានជ័យជម្នះសំខាន់ៗ ជាច្រើន បង្ខំអោយអាណា​និគម​ បារាំង ត្រូវបោះបង់ចោលផលប្រយោជន៍ជាច្រើន។

ថ្វីត្បិតតែយ៉ាងនេះក្ដី អាណានិគម បារាំង នៅតែអនុវត្តយ៉ាងមមាញឹកនូវ​ឧបាយកលជាច្រើនខាងយោធា នយោបាយ សេដ្ឋកិច្ចនិងការទូតចំពោះ ឥណ្ឌូចិន ក្នុងបំណងអនុវត្ត​គំនិត​ទុច្ចរិត​ដើម្បីស្ដារឡើងវិញនូវឋានៈត្រួតត្រា។ ក្នុងបរិបទនោះ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា ក៏បន្តរួមកម្លាំងទាំងកាយទាំងចិត្តជាមួយគ្នា ប្រឆាំង​នឹងនឹមត្រួតត្រារបស់អាណានិគម បារាំង ម្ដងទៀត។

វាយតម្លៃលើភាពចាស់ទុំរបស់កងជួរបក្ខជននិងបណ្ដាស្ថាប័នបក្ខភាគចំណុះ មហាសន្និបាតបក្សកុម្មុយ​នីស្តឥណ្ឌូ​ចិន លើកទី ២ (ខែ កុម្ភៈ ឆ្នាំ ១៩៥១) សម្រេចបង្កើតបក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សប្រជាជន បដិវត្តន៍ឡាវ និងបក្សពលករវៀតណាម។

ចាប់តាំងពីពេលនោះ ប្រជាជនទាំងបីប្រទេសនៅ ឥណ្ឌូចិន បន្តជួយឧបត្ថម្ភគ្នា រួមគ្នាប្រយុទ្ធ ហើយ ដណ្តើមបានជ័យជម្នះដ៏ធំធេងជាច្រើន ជាពិសេសជ័យជម្នះ ដៀនបៀន ភូ នាថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ១៩៥៤ បង្ខំឲ្យអាណានិគម បារាំង ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុង ស្សឺណែវ (ខែ កក្កដា ឆ្នាំ ១៩៥៤) ទទួលស្គាល់ឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំងបី គឺ វៀតណាម កម្ពុជា និង ឡាវ។
លោកប្រធានរដ្ឋ តូនឌឹកថាំង អញ្ជើញបដិសណ្ឋារកិច្ទទទួលចំពោះសម្តេចព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ យាងទស្សនកិច្ចជាផ្លូវការប្រទេស វៀតណាម ថ្ងៃទី ២៦​ ខែ ឧសភា ឆ្នាំ ១៩៧០។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ក្រោយពីកិច្ចព្រមព្រៀងទីក្រុង ស្សឺណែវ អាណានិគម បារាំង ត្រូវបង្ខំចិត្តដកទ័ពចេញពី ឥណ្ឌូចិន ហើយអាម៉េរិក ក៏បាន​ចូល​មក​ជំនួសអាណានិគម បារាំង បង្កើតរបបអាណានិគមបែបថ្មី។ ពេលនេះ ប្រជាជននៃប្រទេសទាំងបីនិយាយរួមនិងប្រជាជន វៀតណាម - កម្ពុជានិយាយដោយឡែកបានបន្តរួបរួមកម្លាំង ស្មាប្រកៀកស្មាគ្នា សាមគ្គីប្រយុទ្ធការពារនូវសមទ្ធិផលសំខាន់ដែលដណ្ដើមបាន។ វៀតណាម គាំទ្រ គោលនយោបាយសន្តិភាព អព្យាក្រឹតរបស់ កម្ពុជា ក្រោមការ​ដឹកនាំ​របស់​ព្រះប្រមុខរដ្ឋនរោត្តម សីហនុ ជំរុញពង្រឹងចំណងសាមគ្គីភាពនៃប្រជាជនប្រទេសទាំងបីលើឥណ្ឌូចិន បន្តប្រយុទ្ធ​ដណ្ដើម​និង​រក្សាឯករាជ្យ។

នៅឆ្នាំ ១៩៦៥ ប្រទេសទាំងបីបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ប្រជាជនឥណ្ឌូចិន។ ក្រោមការដឹកនាំរបស់ព្រះប្រមុខ​រដ្ឋ នរោត្តមសីហនុ កម្ពុជា បានទទួលស្គាល់ជាផ្លូវការរណសិរ្សប្រជាជាតិរំដោះភូមិភាគខាងត្បូង វៀតណាម ដែលដឹកនាំដោយលោកប្រធាន ង្វៀនហ៊ឺវថ ជាប្រមុខ ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧។ ព្រឹត្តិការណ៍នេះត្រូវបានប្រជាជននៃប្រទេស ទាំងពីរវៀតណាម - កម្ពុជា ក៏ដូចជាប្រទេសជាមិត្តអន្តរជាតិជឿនលឿនស្វាគមន៍និងវាយតម្លៃខ្ពស់។

ក្នុងសារលិខិតអបអរសាទរទៅវិញទៅមករវាងលោកប្រធាន ហូជីមិញ និង ព្រះប្រមុខរដ្ឋ កម្ពុជា នរោត្តម សីហនុ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៦៧ លោកប្រធាន ហូជីមិញ បានបញ្ជាក់ច្បាស់ថា៖ "ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរគឺជាការបង្ហាញដ៏ត្រចេះត្រចង់នៃទំនាក់ទំនងមិត្តភាពដ៏ស្និតស្នាលនិងសមាគ្គីភាពក្នុងការប្រយុទ្ធ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងទំនាក់ទំនងរវាង វៀតណាម និង កម្ពុជា ជាកត្តាដ៏សកម្មមួយក្នុងកិច្ចការថែរក្សាសុខសន្តិភាពសម្រាប់ឥណ្ឌូចិននិងអាស៊ីអាគ្នេយ៍"។
 
សម្តេចព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ យាងទស្សនាក្លឹបយុវវ័យ ហាណូយ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស វៀតណាម ថ្ងៃទី ២៦ ខែ មករា ដល់ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ១៩៧១។ រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម

ដើម្បីថែរក្សានិងបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ថ្លៃថ្លារវាងប្រជាជាតិនិងប្រជាជននៃប្រទេស ទាំង​ពីរ កាលដែលមានព្រះជន្មាយុនៅឡើយ ព្រះមហាក្សត្រ នរោត្តម សីហនុ តែងមានព្រះបន្ទូលរំលឹកនូវ អនុស្សាវរីយ៍ល្អៗ ជាមួយថ្នាក់ដឹកនាំ វៀតណាម ក្នុងគ្រប់ដំណាក់កាល។ ជាពិសេសបំផុតគឺអនុស្សាវរីយ៍ដែល ព្រះអង្គបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា យកកម្រងផ្កាដ៏ស្រស់ស្អាតបំផុត យាងមកកាន់ក្រុង ហាណូយ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ អគ្គមគ្គទេសដ៏ឆ្នើមរបស់ប្រជាជាតិ វៀតណាម ដែលបានទទួលមរណភាពនៅឆ្នាំ ១៩៦៩។
ត្រឹនវ៉ាន់ថុង
អត្ថបទទី ២៖ ឆ្លងកាត់ការសាកល្បង ជំរុញទំនាក់ទំនងនយោបាយ-ការទូត
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖ សឺនថេជុង-ញូយ៉ាង-យ័ញឡើយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖