Thứ 7, 21/04/2018, 7:33 GMT+7
៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព ­វៀតណាម-កម្ពុជា៖ ក្រឡេកមើលឡើងវិញនិងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... (អត្ថបទទី ៤ និង បញ្ចប់)
18:42, 28/06/2017
ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម -កម្ពុជា ត្រូវបានលត់ដំក្នុងអំឡុងពេលប៉ុន្មានឆ្នាំប្រយុទ្ធដណ្ដើមឯករាជ្យភាព សេរីភាពនិងក្នុងការប្រយុទ្ធផ្ដួលរម្លំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍។ នេះគឺជាមូលដ្ឋាន ជាខឿនគ្រឹះដ៏រឹងមាំ ដើម្បីប្រទេសទាំងពីរបន្តពង្រីកក្នុងដំណាក់កាលបច្ចុប្បន្ន រួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... 
ក្នុងដំណើរការប្រវត្តិសាស្ត្រនៃការតស៊ូប្រយុទ្ធការពារនិងកសាងប្រទេសជាតិ ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា តែងតែស្មាប្រកៀកស្មារួមគ្នា សហប្រតិបត្តិការដោយផ្អែកលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណ​ភាព​​​​​ទឹកដី មិនជ្រៀតជ្រែក ឬ អន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់គ្នា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជនជននៃប្រទេសរៀងៗ ខ្លួន។ 
 
អត្ថបទទី ៤  និងបញ្ចប់វៀតណាម-កម្ពុជា ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿង... 
ដើម្បីបន្តថែរក្សានិងពូនជ្រំដោយឥតឈប់ឈរអោយទំនាក់ទំនងមិត្តភាព វៀតណាម-កម្ពុជា ក្នុងរយៈពេលខាងមុខ ជានិច្ចកាល ភាគីទាំងពីរត្រូវចាត់ទុកអោយតម្លៃទៅលើទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រ​ជាជននៃប្រទេស​​​ទាំងពីរ ត្រៀមខ្លួនជាស្រេចធ្វើឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ជួយគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ ឆ្លងផុតរាល់ការលំបាកលំបិននិងបញ្ហាប្រឈមដើម្បីពូនជ្រំដោយឥតឈប់ ឈរអោយទំនាក់ទំនងនៃប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អ​ប្រសើរ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសនិមួយៗ។
 
នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម - កម្ពុជា (ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ -ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលមហោស្រពធំ (ហាណូយ)។ ប្រធានរដ្ឋសភា លោកស្រី ង្វៀនធីគីមង៉ឹន ប្រធានរដ្ឋសភាកម្ពុជា  សម្តេច ហេងសំរិន ជាមួយសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និង កម្ពុជា ជាច្រើនអញ្ជើញមកចូលរួម។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ចំពោះចលនាឯករាជ្យជាតិ ប្រជាធិបតេយ្យភាព ប្រជាមានិត ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុក​ដាក់ជាសំខាន់ទៅលើការបណ្ដុះបណ្ដាលកងជួរថ្នាក់ដឹកនាំ បង្ការការប្រែធាតុដ៏គ្រោះថ្នាក់របស់​ជនឱកាសនិយមក្រោមគ្រប់ពណ៌សម្បុរនិងគ្រោះ​ការិយា​ធិបតេយ្យ កំហុសឆ្គងពេលត្រូវបានញុះញង់ដោយគំនិតជាតិនិយម ចង្អៀតចង្អល់ ប្រកាន់​ពូជ​សាសន៍​ដូចដែលបានកើតឡើងក្នុងសម័យកាល​នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ដែលកាន់អំណាចនៅកម្ពុជាពីថ្ងៃទី ១៧ ​ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩ ដោយក្រុមប្រតិកិរិយា ពលពត អៀងសារី នួនជា ខៀវសំផន សុនសេន តាម៉ុក អៀង ធិរិទ្ធ។ល។

ទន្ទឹមនឹងនោះ ត្រូវតែប្រុងប្រយ័ត្ននិងទប់ស្កាត់ដោយទាន់ពេលវេលានូវឧបាយកលប្រឆាំងបំផ្លាញនៃកងកម្លាំងអមិត្តទាំងឡាយ ទាំងផ្ទៃក្នុងនិងខាងក្រៅដែលកំពុងប្រើវប្បធម៌ "លាបពណ៌" "មួលបង្កាច់" ពោលអាក្រក់ បំភ្លៃប្រវត្តិសាស្ត្រនិងចំណងមិត្តភាពរវាង វៀតណាម និង កម្ពុជា ទោះបីជាប្រជាជននៃប្រទេសទាំងពីរមានការយល់ដឹងយ៉ាងច្បាស់និងប្រុងប្រយ័ត្នជាប្រចាំ ជៀសវាងកុំអោយធ្លាក់ទៅក្នុងគំនិតជាតិនិយម ចង្អៀតចង្អល់ ប្រកាន់ពូជសាសន៍ ស្លាកស្នាមដែលរបបកម្ពុជាប្រជាធិបតេយ្យប្រល័យ​ពូជសាសន៍បានបង្កឡើងនូវឧក្រិដ្ឋកម្មរាប់មិនអស់ចំពោះប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ។
 
នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ ប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីគីមង៉ឹន អញ្ជើញទទួលជួបសវនាការជាមួយនឹងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ហេង សំរិន ដែលអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៣ ដល់ង្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៧។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្ដួលរម្លំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍គឺជាការពិតនៃប្រវត្តិសាស្រ្តដែលមិនមានអ្នកណាអាចមូលបង្កាច់បានឡើយ។ ការពិតនោះត្រូវបានមនុស្សជាតិជឿនលឿនគាំទ្រនិងវាយតម្លៃខ្ពស់ ត្រូវបានប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាចាត់ទុកដូចជាមេរៀននៃទំនាក់ទំនង "ធ្មេញនិងអណ្ដាត" រវាងប្រទេសទាំងពីរ។
 
ប្រការនោះជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរបន្តចំណងសាមគ្គីភាព ស្ម័គ្រចិត្តប្រយុទ្ធរួមគ្នាក្នុងលេណដ្ឋានមួយ ដែលផ្ដើមចេញពីទំនាក់ទំនង "ធ្មេញនិងអណ្ដាត" ដែលបានកកើតឡើងដោយមានលក្ខណៈធម្មជាតិ ដោយផើ្តមពីទីតាំងភូមិសាស្រ្តនយោ​បាយ​​នៃប្រទេសទាំងពីរដូចដែលបានអនុវត្តន៍ក្នុងការរួមប្រយុទ្ធប្រឆាំងអាណានិគមបារាំងការធ្វើអន្តរាគមន៍នៃ​អាម៉េរិកនិងរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។
 
មិត្តភក្ដិអន្តរជាតិនិងអ្នកដែលមានការយល់ដឹងតែង​គាំទ្រ​ទំនាក់​ទំ​នង​​​សាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនិងពូនជ្រំដោយឥតឈប់ឈរអោយទំនាក់ទំនងវៀតណាម-កម្ពុជា។
 
នារសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧  នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ ត្រឹនដាយក្វាង ទទួលជួបប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេងសំរិន​ ដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ វៀតណាម។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម

ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនជំនាន់ក្រោយ ចាំបាច់ត្រូវរួមមានការយល់ដឹង រួមមានទំនួលខុសត្រូវក្នុងការបន្ដរក្សាស្ថិរភាពទំនាក់ទំនង​នៃប្រទេសទាំងពីរ ការពារ ពូនជ្រំចំណងមិត្តភាពដ៏ថ្លៃថ្លា ដើម្បីសន្តិភាពស្ថិរភាពរបស់ប្រជាជននៃប្រទេសរៀងៗខ្លួន រួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពក្នុងតំបន់។

ប្រទេសកម្ពុជាមួយដែលមានសុខសន្តិភាព អភិវឌ្ឍន៍ សម្បូររុងរឿង ក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកប​ដោយស្ថិរភាពនិងអភិវឌ្ឍន៍នោះ ក៏ជាផលប្រយោជន៍របស់ប្រទេសវៀតណាមដែរ។ ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និង កម្ពុជា គឺជាតម្រូវការ​ផលប្រយោជន៍ដែលមានលក្ខណៈធម្មជាតិនៃភាគីទាំងពីរ។

ជាមួយនឹងប្រវត្តិសាមគ្គី ផ្សារភ្ជាប់ មិត្តភាពប្រពៃណី រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជួយគ្នាទៅ​វិញទៅមកដោយទាន់ពេលវេលា មិនគិតគូរអ្វី ស្មោះសរនិងមានប្រសិទ្ធភាពក្នុងកន្លះសតវត្សរ៍កន្លងមកហើយ ចំណងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង វៀតណាម និង កម្ពុជា មានសក្ដានុភាពដើម្បីអភិវឌ្ឍន៍អោយខ្លាំងក្លាលើគ្រប់វិស័យ។ 
 
ក្នុងក្របខណ្ឌកម្មវិធីនៃកិច្ចប្រជុំប្រធានរណសិរ្សទាំងបីប្រទេស កម្ពុជា - ឡាវ - វៀតណាម កាលពីរសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យជាតិ ហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន លោកជំទាវឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ម៉ែន សំអន ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ  សាយសោម​ផន ភូមិ​វិហា​ន អញ្ជើញជួបប្រជុំជាមួយយុវជននិងនិស្សិតគំរូៗ ទាំងបីប្រទេសដែលកំពុងសិក្សារៀនសូត្រ បំពេញការងារនៅរដ្ឋធានី ហាណូយ។ ក្នុងរូបភាព៖ ទិដ្ឋភាពក្នុងកម្មវិធីជួបប្រាស្រ័យ។  រូបថត៖  ទីភ្នាក់ងារព័ត៌មានវៀតណាម

ការដែលងាយស្រួលជាមូលដ្ឋាន គឺ​ប្រជាជន​នៃប្រទេសទាំងពីរបានឆ្លងកាត់ស្ថានភាពផ្លាស់ប្ដូររបស់ប្រវត្តិសាស្រ្ដជាមួយនឹងមេរៀនបទពិសោធន៍ប្រកបដោយសាច់ស្រស់​ឈាម​ស្រស់ជាច្រើន ប្រជាជាតិទាំងពីរបានយល់ច្បាស់នូវសុភាសិតមួយពោលថា​ "ស្គាល់មិត្តល្អក្នុងគ្រាលំបាក " បានស្មាប្រកៀកស្មាគ្នា រួមសុខរួមទុក្ខជាមួយគ្នាដោយផ្អែកលើស្មារតីនៃការជឿទុកចិត្តគ្នា ហើយថ្នាក់ដឹ​ក​នាំ​និងប្រជាជននៃប្រទេសទាំងពីរបានអះអាងបញ្ជាក់លើការប្ដេជ្ញាចិត្តថា បន្តរួមគ្នាពូនជ្រំអោយទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃ កិច្ចសហប្រតិ​បត្តិ​ការ វៀតណាម-កម្ពុជា អោយអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយចិរភាព យូរអង្វែង។

ក្នុងស្មារតីដូច្នេះ ទំនាក់ទំនង វៀតណាម-កម្ពុជា ប្រាកដ្ឋជានឹងបន្តត្រូវបានលើកកម្ពស់ឡើងមួយកម្រិតថ្មី ជាក់ជាមិនខាន ដើម្បីផលប្រយោជន៍ដ៏ចាំបាច់ ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកដ៏សកម្មក្នុងការររក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ សម្បូររុងរឿងក្នុងតំបន់និងពិភពលោក៕
ត្រឹវ៉ាន់ថុង
អ្នកជំនាញការជាន់ខ្ពស់គណកម្មាធិការកិច្ចការបរទេសមជ្ឈិម
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយ៖  
សឺនថេជុង-ញូយ៉ាង-យ័ញឡើយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖