Thứ 3, 19/11/2019, 13:35 GMT+7
មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩៖
ព្រឹត្តិការណ៍ការទូតប្រជាជន លើកតម្កើងតម្លៃមនុស្សសាស្ដ្រ សន្តិភាពនៃមនុស្សជាតិ
17:29, 08/05/2019
មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ដោយសមាគមព្រះពុទ្ធសាសនា វៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យ ដោយមានការចូលរួមសហការពីសំណាក់គណៈកម្មា​ធិការរៀបចំ​មហាពិធីបុណ្យ Vesak អង្គការសហប្រជាជាតិ (ICDV) និងការជួយឧបត្ថម្ភ គាំទ្រដោយរដ្ឋាភិបាល វៀតណាម ដែលនឹងប្រព្រឹត្តឡើងពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ ឧសភា នៅវត្ត តាមជុក (ស្រុក គីមបាង ខេត្ត ហាណាម) ក្រោមប្រធានបទ "ទស្សនៈរបស់ព្រះពុទ្ធសាសនាលើការដឹកនាំសកលលោក និងការ​ទទួលខុសត្រូវ​ក្នុងការចែក​រំលែកដើម្បីសង្គមមួយប្រកបដោយចីភាព"។
ជាលើកទី ៣ ហើយដែលត្រូវបានចាត់តាំងឡើងនៅវៀតណាម មហាពិធីបុណ្យវិសាខបូជាអង្គការ​សហប្រជាជាតិ - Vesak ឆ្នាំ ២០១៩ នឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវសាររបស់​ព្រះពុទ្ធ​ទៅ​ដល់​មនុស្ស​ជាតិ​អំពីសន្តិភាព ភាពចុះសម្រុងគ្នា ការអភិវឌ្ឍនិងវឌ្ឍនភាព ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ការទូតប្រជាជនដ៏​មានសារសំខាន់នៃវៀតណាម រួមចំណែកលើកតម្កើងតម្លៃមនុស្សសាស្ដ្រ សន្តិភាពរបស់មនុស្សជាតិ។
ព្រះតេជគុណ ធិចឌឹកធៀន អនុប្រធានក្រុមប្រឹក្សា​សង្ឃាភិបាល​និងជាអគ្គលេខាធិការក្រុមប្រឹក្សា​សង្ឃា ភិបាល​មជ្ឈិមនៃសមាគមព្រះពុទ្ធសាសនា វៀតណាម អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំមហាពិធីបុណ្យអន្តរ ជាតិវិសាខបូជាឆ្នាំ ២០១៩ និមន្តផ្ដល់បទសម្ភាសអោយអ្នកយកព័ត៌មានអំពីការងាររៀបចំមហាពិធីបុណ្យវិសាខ​បូជាអង្គការសហប្រជាជាតិលើទី ១៦ ពុទ្ធសករាជ ២៥៦៣ ក្នុងសន្និសីទកាសែតកាលពីរល្ងាចថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅនៅ វត្ត តាមជុក (ខេត្ត ហាណាម) ។ រូបថត៖​ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ព្រឹត្តិការណ៍ការទូតប្រជាជន
អញ្ជើញថ្លែងយោបល់ក្នុងសម័យប្រជុំការងារជាមួយក្រសួង គណៈកម្មាធិការស្ថាប័នថ្នាក់មជ្ឈិម សមាគម​ព្រះ ពុទ្ធសាសនា វៀតណាម និងថ្នាក់ដឹកនាំបណ្ដាខេត្ត៖ ហាណាម និញប៊ិញ ហ្វាប៊ិញ និងទីក្រុង ហាណូយ អំពីការងារ ត្រៀមរៀបចំមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ លោក​នាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានបញ្ជាក់ថា៖ មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ មិន ត្រឹមតែ​ជាព្រឹត្តិការណ៍វប្បធម៌សាសនានៃអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែម​ទាំងជាព្រឹត្តិការណ៍​ការ​ទូតប្រជា​ជនទៀតផង ដូច្នោះហើយត្រូវតែជួយជ្រោមជ្រែងអោយសមាគមព្រះពុទ្ធសាសនា វៀតណាម រៀបចំដោយ​ជោគ​ជ័យនូវព្រឹត្តិការណ៍ការទូតដ៏មានអត្ថន័យនេះ។ មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ជាព្រឹត្តិការណ៍ការទូតដ៏មានសារសំខាន់ បញ្ជាក់ចំពោះសហគមន៍អន្តរជាតិអំពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ វៀតណាម ទៅលើសេរីភាពសាសនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងបញ្ជាក់អំពីជំហរ ការទទួលខុសត្រូវរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិ។

យោងតាមព្រះឧបជ្ឈាយ៍ ធិចយ៉ាក្វាង អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិម ប្រធានគណៈកម្មការព័ត៌មានសារគមនាគមន៍នៃសមាគមព្រះពុទ្ធសាសនា វៀតណាម អនុប្រធាន គណៈ​កម្មាធិការ​រៀបចំ​មហាពិធី​បុណ្យវិសាខបូជាអន្តរជាតិ Vesak ឆ្នាំ ២០១៩ ការឈរឈ្មោះពីរដងធ្វើជាម្ចាស់ផ្ទះ ហើយ​ប្រារព្ធដោយជោគជ័យនូវមហា ពិធីបុណ្យ​ពិសាខបូជា​អន្តរជាតិ Vesak ឆ្នាំ ២០០៨ នៅ ទីក្រុង ហាណូយ និងឆ្នាំ ២០១៤ នៅវត្ត បាយឌិញ (ខេត្ត និញប៊ិញ) បានបន្សល់ទុកនូវចំណាប់អារម្មណ៍​យ៉ាងជ្រាលជ្រៅ​ក្នុងដួងចិត្តមិត្តភក្តិលើសកលលោកអំពីរូបភាពនៃទឹក​ដី មនុស្ស វប្បធម៌និងការប្រជុំជីវភាពខាង​សាសនានៅ​ប្រទេស វៀតណាម។ នេះគឺជាលើកទី ៣ ហើយ ដែលមហា​ពិធីបុណ្យ Vesak ត្រូវបានប្រារព្ធឡើងនៅវៀតណាម។ មហាពិធីបុណ្យពិសាខបូជាអន្តរជាតិ Vesak ឆ្នាំ ២០១៩ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា តាមជុក (ទីរួមស្រុក បាសាវ ស្រុក គីមបាង ខេត្ត ហាណាម) ក្រោមប្រធានបទ៖ "ទស្សនៈរបស់ព្រះពុទ្ធសាសនាលើការដឹកនាំសកលលោកនិងការទទួល​ខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព"។

ជូនព័ត៌មានអំពីមហាពិធីបុណ្យ ព្រះតេជគុណ ធិចឌឹកធៀន អនុប្រធាន អគ្គលេខាធិការក្រុមប្រឹក្សា​សង្ឃា ភិបាល​មជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម អនុប្រធាន អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំមហាពិធី បុណ្យ អន្តរជាតិពិសាខបូជា Vesak ឆ្នាំ ២០១៩ មានថេរៈដីកាអោយដឹងថា៖ មានប្រតិភូអន្តរជាតិប្រមាណជា ១.៥០០ អង្គនិងរូប រួមមានសម្តេចសង្ឃ សង្ឃ​​រាជាធិបតី ប្រធាននិងថ្នាក់ដឹកនាំ​សមាគមព្រះពុទ្ធសាសនា និកាយនៃ ព្រះពុទ្ធសាសនាផ្សេងៗ សាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវ បញ្ញវន្ត អ្នកសិក្សាស្រាវជ្រាវខាងពុទ្ធសាសនា... មកពី ១០៥ ប្រទេសនិងដែនដី និមន្តនិង​អញ្ជើញចូលរួមក្នុងមហា​ពិធីបុណ្យ​។

មហាពិធីបុណ្យនឹងមានវត្តមានរបស់ ប្រមុខរដ្ឋនៃប្រទេស​ជាច្រើនរួមជាមួយនឹងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត តំណាងអង្គការអន្តរជាតិទាំងឡាយនៅវៀតណាមប្រហែលជា ៦០ រូប ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបក្ស រដ្ឋ សមាគមព្រះពុទ្ធសាសនាវៀតណាម និងប្រតិភូ ពុទ្ធបរិស័ទ​នៅក្នុងប្រទេស តំណាងសមាគមពុទ្ធបរិស័ទវៀតណាមទាំងឡាយនៅក្រៅប្រទេស ពុទ្ធបរិស័ទជាអាណិកជន វៀតណាម គំរូៗ ថ្នាក់ដឹកនាំអង្គការសាសនាជាមិត្តប្រមាណជាពី ១៥.០០០ ដល់ ២០.០០០ រូបនឹងនិមន្តនិងអញ្ជើញមកចូលរួមមហាពិធីបុណ្យ។
 
ឡូហ្គោនៃមហាពិធីបុណ្យ Vesak អង្គការសហប្រជាជាតិឆ្នាំ ២០១៩
 
លើកតម្កើងតម្លៃមនុស្សសាស្ដ្រ សន្តិភាព
យោងតាមគណៈកម្មាធិការរៀបចំមហាពិធីបុណ្យ Vesak (ឬហៅថាមហាពិធីនៃព្រឹត្តិការណ៍ធំៗ ​ទាំង​បី គឺ​ថ្ងៃ​ដែល​ព្រះសមណគោតមទ្រង់​បាន​ប្រសូត ​ត្រាស់​ដឹងនិង​បរិនិព្វាន) អង្គការ​សហប្រជាជាតិគឺ​ជា សកម្មភាពមួយក្នុង ចំណោមសកម្មភា​ពវប្បធម៌ប្រកប​ដោយ​​លក្ខណៈអន្តរជាតិ​របស់​​អង្គការសហប្រជាជាតិ​ដើម្បី​​​លើកតម្កើងតម្លៃមនុស្សសាស្ដ្រ សន្តិភាពរបស់មនុស្សជាតិ។ មហាពិធីបុណ្យវិសាខ​បូជា​អន្តរជាតិជារៀងរាល់ឆ្នាំ​ត្រូវបានប្រារព្ធឡើងយ៉ាង ឱឡារិកនៅទីស្នាក់ការកណ្តាលរបស់​អង្គការ​សហប្រជា​ជាតិនៅទីក្រុង ញូវយ៉ក (សហរដ្ឋ​អាមេរិក) ក៏ដូច​ជាការិយាល័យតំណាង​នៃអង្គការសហ​ប្រជាជាតិ​នៅក្នុងតំបន់នានា។
 
រដ្ឋាភិបាលនិងសមាគមព្រះពុទ្ធសាសនា វៀតណាម រាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាសម្តេចសង្ឃប្រទេស ថៃ រដ្ឋាភិបាលនិងព្រះពុទ្ធសាសនាថេរវាទប្រទេស ស្រីលង្កា ក៏ដូចជាសហគមន៍ពុទ្ធបរិស័ទសមាគម​នៃព្រះពុទ្ធសាសនា និកាយព្រះពុទ្ធសាសនាផ្សេងៗ នៃប្រទេសនានា​នៅលើពិភពលោកបានប្រារព្ធឡើងនូវ​សកម្មភាព​​​​ជាច្រើនសំដៅ រំលឹកខួបអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ដ៏មហោឡារិកនេះជារៀងរាល់ឆ្នាំ នៅលំដាប់​ថ្នាក់​ជាតិ​និង​អន្តរជាតិ។

មហាពិធី បុណ្យវិសាខបូជាអន្តរជាតិជាឱកាសជួបជុំនិងប្រាស្រ័យទាក់ទង ផ្តោះប្តូរ​រវាងថ្នាក់​ដឹកនាំ​ព្រះ ពុទ្ធសាសនាទាំងឡាយ ផ្សព្វផ្សាយសាររបស់ព្រះពុទ្ធដល់មនុស្សជាតិអំពីសន្តិភាព ភាពចុះសម្រុងគ្នា វឌ្ឍនភាពនិងអភិវឌ្ឍន៍។ ព្រឹត្តិការណ៍ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយនូវសារពីមេត្តា ករុណា បញ្ញា សន្តិភាព អហិង្សា របស់ព្រះពុទ្ធ។
 
ព្រះតេជគុណ ធិចឌឹកធៀន អនុប្រធាន អគ្គលេខាធិការគណៈកម្មាធិការរៀបចំមហាពិធី​បុណ្យ​វិសាខ​បូជា​អន្តរជាតិ Vesak ឆ្នាំ ២០១៩ មានថេរៈដីកាអោយដឹងថា៖ ទន្ទឹមនឹងខ្លឹមសារ​គោល ​ពីដើម​ដល់ចប់​នៃប្រធានបទគឺ "ទស្សនៈរបស់ព្រះពុទ្ធសាសនាលើការដឹកនាំសកលលោក និងការទទួលខុសត្រូវក្នុង​ការចែករំលែក​ដើម្បី​សង្គមមួយ ប្រកបដោយចីរភាព" មហាពិធីបុណ្យ Vesak ឆ្នាំ ២០១៩ នៅមានវេទិកាចំនួន ៥ ដែលពិភាក្សាជុំវិញប្រធានបទ៖ ការ ដឹកនាំដោយមានទំនួលខុសត្រូវដើម្បីសង្គមមួយប្រកបដោយចីរភាព ទស្សនៈរបស់ព្រះពុទ្ធសាសនា​អំពីគ្រួសារ​ដែលមានភាពចុះ​សម្រុងនឹងគ្នា អំពីការអប់រំ អំពីការប្រើប្រាស់ដោយ មានទំនួលខុសត្រូវនិងប្រធានបទអំពីព្រះពុទ្ធ សាសនានិងបដិវត្តន៍​ឧស្សាហកម្ម ៤.០។ មាន​បទអន្តរាគមន៍ជាភាសាអង់គ្លេសរបស់អ្នកសិក្សាស្រាវ ជ្រាវ​អន្ដរជាតិ​​ចំនួន ៣៩៨ និង​បទអន្តរាគមន៍ជាភាសា វៀតណាម របស់អ្នកសិក្សាស្រាវជ្រាវ​ក្នុងប្រទេស​ចំនួន ១១០ បានផ្ញើមក​វេទិកា​នេះ។

ក៏យោងតាមព្រះថេរៈដីកានៃព្រះតេជគុណ ធិចឌឹកធៀន មហាពិធីបុណ្យ Vesak ឆ្នាំ ២០១៩ នៅមានកម្មវត្ថុ ស្ដីអំពីវប្បធម៌ខាងជំនឿសាសនាដូចជាពិធីស្រង់ទឹកព្រះពុទ្ធប្បដិមាតាមប្រពៃណី ពិធីសូត្រធម៌បង្សុកូល ឧទ្ទិសកុសលផលបុណ្យ រំដោះកម្មពៀរចំពោះអ្នកដែលចែក ឋាន បួងសួងសុំអោយសកលលោកសុខក្សាន្តត្រាណ ប្រទេសជាតិសមាហរណកម្មអភិវឌ្ឍន៍តាមពិធីកិច្ចនៃភូមិភាគទាំងបីគឺភូមិភាគខាងជើង ភូមិភាគកណ្តាល ភូមិភាគខាងត្បូង រាត្រីអុជប្រទីបជ្វាលាបួងសួងសូមអោយពិភពលោកសុខសន្តិភាព ការតាំងពិព័រណ៍រូបភាពវត្តអារាមជាបេតិ​កភណ្ឌពិភពលោកនិងវៀតណាម តាំងពិព័រណ៍វត្ថុបុរាណនៃពុទ្ធសាសនា រាត្រីជួបប្រាស្រ័យផ្តោះប្តូរសិល្បៈពុទ្ធសាសនា អន្តរជាតិ។
 
ក្នុងអំឡុងថ្ងៃប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍នេះ ពុទ្ធបរិស័ទនិងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់អញ្ជើញមកពី ខេត្ត ក្រុង នានានឹងចូលរួមក្នុងការងារភស្តុភាររៀបចំម្ហូបអាហារ។ ពុទ្ធបរិស័ទនិងប្រជាជនដែលអញ្ជើញចូលរួមមហាពិធីបុណ្យនឹ​ងត្រូវបានគណៈកម្មាធិការរៀបចំពិធីបុណ្យផ្តល់ជូននូវបាយប្រអប់នៅម្តុំវត្ត តាមជុក។ ក្រសួងសុខាភិបាល នឹងជំនួយ​ដល់​គណៈ​កម្មាធិការរៀបចំពិធីបុណ្យក្នុងការងារថែទាំសុខភាពនិងសុវត្ថិភាពម្ហូប អាហារ សម្រាប់មហាពិធីបុណ្យនេះ។
វត្ត តាមជុក (ឃុំ បាសាវ ស្រុក គីមបាង ខេត្ត ហាណាម ប្រទេស វៀតណាម) កន្លែងប្រារព្ធមហាពិធី បុណ្យ  Vesak អង្គការសហប្រជាជាតិឆ្នាំ ២០១៩ ពុទ្ធសករាជ ២៥៦៣។ រូបថត៖​ ទីភ្នាក់ងារព័ត៌មានវៀតណាម

មហាពិធីបុណ្យវិសាខបូជាអង្គការ​សហប្រជាជាតិឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ការទូតដ៏មានសារសំខាន់ រួមចំណែកក្នុងការ​លើក​​ក​ម្ពស់តួនាទីនៃព្រះពុទ្ធសាសនា វៀតណាម ក្នុងការធ្វើ សមាហរណកម្មអន្តរជាតិ បញ្ជាក់ពីប្រពៃណីប្រវត្តិសាស្ត្រ​ ត​​ម្លៃមនុស្សសាស្ត្ររបស់ព្រះពុទ្ធសាសនា ជាសាសនាមួយប្រកបដោយលក្ខណៈសន្តិភាព មិត្តភាព សហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍ក្នុងអំឡុងកាលប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រជាជាតិវៀតណាម៕
ជ័យពិសិដ្ឋ-សុមិត្ត-ថាញ់វ៉ឹន-បឹងបួ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖