Thứ 4, 18/09/2019, 1:51 GMT+7
ខួបលើកទី ៤០ នៃថ្ងៃជ័យជម្នះ ៧ មករា គឺជាការរំឭកពីការបាត់បង់និងការរស់រានមានជីវិតរបស់ប្រជាជន កម្ពុជាពីរបបខ្មែរក្រហម
16:28, 07/01/2019
​ថ្ងៃទី​ ៧ ខែ មករា ឆ្នាំ​ ២០១៩ គឺជា​ខួប​លើក​ទី ​៤០ នៃ​ការផ្តួលរំលំ​នៃ​របប ​ខ្មែរក្រហម​។ ខួប​ ៧ ​មករា ត្រូវបាន​ប្រារព្ធ​ឡើង​បន្ទាប់ពី​របប​ ខ្មែរក្រហម​ដួលរលំ​នៅ​ថ្ងៃទី ​៧ ខែ មករា ឆ្នាំ​ ១៩៧៩ ហើយ​ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជានឹង​ប្រារព្ធ​ខួប​ទី ​៤០​ ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន​ជាតិ ​អូឡាំពិក បន្ទាប់ពី​ការសម្ពោធ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ ដែលជា​និមិ​ត្តិ​រូប​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ ​កម្ពុជា​ នៅ​ថ្ងៃទី​ ២៩ ខែ ធ្នូ ឆ្នាំ ​២០១៨​។ 
នៅក្នុង​ប្រទេស​ កម្ពុជា មាន​យុវជន​ប្រមាណ​ជា​ ៧០​ ភាគរយ​ដែល​បានកើត​ក្រោយ​របប​ខ្មែរក្រហម​។​ ​យុវជន​ កម្ពុជា ​នៅតែ​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម​តាមរយៈ​កម្មវិធីសិក្សា​អំពី​អំពើ​ប្រល័យពូជសាសន៍ ក្នុង​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​ កម្ពុជា ការចែករំលែក​រឿងរ៉ាវ​របស់​ឪពុកម្ដាយ ដែល​បាន​ឆ្លងកាត់​របប​ ខ្មែរក្រហម ​ទៅកាន់​សមាជិក​ក្នុង​គ្រួសារ និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួនទៀត​។
 
កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខទីចាត់ការសភាតំណាងប្រជាជន
 
​ការ​ប្រារព្ធ​ខួប​នៃ​ការផ្តួលរំលំ​របប ​ខ្មែរក្រហម ៧ មករា គឺជា​រំឭក​ដល់​ការរំដោះ​ប្រជាជន កម្ពុជា ​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យនិង​ការនាំ​មកវិញ​នូវ​សិទ្ធិសេរីភាព និង​វឌ្ឍនភាព​សម្រាប់​ពលរ​ដ្ឋ​ កម្ពុជា ​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​
 
​ប្រជាជន​ប្រមាណ​ជា​ ៥​ លាន​នាក់ ដែល​បាន​រស់រានមានជីវិត​ក្រោយ​ការដួលរលំ​របបខ្មែរក្រហម ​បានរួម​កម្លាំង​ជាមួយ​រាជរដ្ឋាភិបាលនិង​បាន​ខិតខំ​កសាង​ប្រទេស​ឡើងវិញ​។ ការ​ប្រារព្ធ​ខួប​នៃ​ការផ្តួលរំលំ​របប ​ខ្មែរក្រហម ​ជា​រៀងរាល់ឆ្នាំ គឺជា​ការផ្តល់​តម្លៃ​ទៅដល់​អាយុជីវិត​ប្រមាណ​ជា​ ២ ​លាន​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម និង​ការ​រួច​រស់​ជីវិត​របស់​ប្រជាជន​ កម្ពុជា​ ពីរ​បប​ដ៏​ឃោរឃៅ​ខ្មែរក្រហម ទោះបី​ជាមាន​ទស្សនៈ​យល់ឃើញ​ខុសគ្នា​ពី​វត្តមាន​របស់​កងទ័ព​វៀតណាម ​ក្នុងប្រទេស ​កម្ពុជា ​រយៈពេល​មួយ​ទសវត្សរ៍​យ៉ាងណាក៏ដោយ​។
កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខព្រះបរមរាជវាំង
 
​នៅក្នុង​ឆ្នាំ​​ ១៩៧៨ កងទ័ព​រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា ដោយមាន​ជំនួយ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម ដែល​ស្ថិតក្រោម​មេបញ្ជាការ ​វៀតណាម​ ឈ្មោះ វ៉ាន់ ទៀន​យុង បាន​ដឹកនាំ​កងទ័ព​ស្ម័​គ​ចិត្ត ​វៀតណាម​ ប្រមាណ​មួយ​សែន​ពីរម៉ឺននាក់​ចែកចេញជា​ ១២ ​កងពលធំ​។ កងទ័ព​ស្ម័គ្រចិត្ត​ វៀតណាម រួមមាន​កងទ័ពជើងទឹក ជើង​អាកាស កងរថក្រោះ និង​កងកាំភ្លើងធំ​។ កងទ័ព​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជាមាន​ចំនួន ​៩ ​កងវរសេនាតូចត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ​២ ខែ ធ្នូ ឆ្នាំ​ ១៩៧៨ ក្នុងស្រុក ​ស្នួល ខេត្ត ក្រចេះ បានធ្វើ​ការសហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​ វៀតណាម​។

កងទ័ព​ទាំងពីរ​បានធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ​១៩៧៨​។ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​វាយលុក​ទៅលើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នៅ ​៣​ ទីតាំង​ផ្សេងៗ​ ​គ្នា​ក្នុងនោះ ​រួមមាន កងទ័ព​ ៣​ កងវរសេនាតូច​បាន​វាយលុក​ចូល​ខេត្ត ស្វាយរៀង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១ កងទ័ព​៣ ​វរ​សេនា​តូច​ទៀត​បាន​វាយ​ចូល​ខេត្ត កំពង់ចាម និង​កងទ័ព​ ៣ កងវរសេនាតូច​ចុងក្រោយ​បានធ្វើការ​វាយលុក​ចូល​ស្រុក​ ស្នួល ​ខេត្ត ក្រចេះ​។ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត ​វៀតណាម បាន​វាយ​ដណ្ដើម​កាន់កាប់​ទីក្រុង ភ្នំពេញ និង​ខេត្ត កណ្ដាល បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី ​៧ ​ខែ មករា ឆ្នាំ ១៩៧៩ ដោយ​ប្រើ​រយៈពេល ​២១ ​ថ្ងៃ​។
កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខព្រះបរមរាជវាំង
 
​ទោះបីយ៉ាងណា កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​ វៀតណាម​ បានធ្វើ​ការវាយ​លុក និង​កាន់កាប់​បាន​ខេត្ត ក្រចេះ តាំងពី​ថ្ងៃទី ​៣១ ខែ ធ្នូ ឆ្នាំ ​១៩៧៨ មកម្ល៉េះ និង​បាន​វាយ​រំដោះ​តំបន់​ផ្សេងៗ ​ទៀត​ជា​បន្តបន្ទាប់​។ ចំណែក​តំបន់​ជាប់​សមុទ្រ ដូចជា ខេត្ត កោះកុង និង កំពង់សោម ត្រូវបាន​រំដោះនិង​កាន់់កាប់​ក្រោយបង្អស់​គឺ​នៅ​ថ្ងៃទី​ ១៧ ខែ មេសា ឆ្នាំ​ ១៩៧៩​។ ​ការរំដោះ​បាន​ទីក្រុង ​ភ្នំពេញ​ នៅ​ថ្ងៃទី ​៧ ខែ មករា ឆ្នាំ​ ១៩៧៩ ដែលជា​តំបន់​រដ្ឋបាល​នៃ​ប្រទេសកម្ពុជា គឺ​ជា​​ជោគជ័យ​ដ៏​ធំធេង​របស់​កងទ័ព រ​ណ​សិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​ វៀតណាម​។
 
​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​លោក​ប្រធាន ហេង សំរិន នៅក្នុង​ខួប​លើក​ទី ​១ នៅ​ថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៨០ បាន​រៀបរាប់​ពី​ការស្ដា​ប្រទេសជាតិ​ឡើងវិញ​ ក្នុងនោះ រួមមាន ៖ វិស័យ​សុខាភិបាល គ្រូពេទ្យ​ដែល​រស់រានមានជីវិត​ក្រោយ​ឆ្នាំ ​១៩៧៩ ដែល​មានតែ ​៤៤​ នាក់ តែប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស ខណៈពេល​មាន​ប្រជាជន​ប្រមាណ​ជា ​២​ លាន​នាក់​បាន​ទៅពិនិត្យ​ជំងឺ និង​ត្រូវការ​ព្យ​បាល​ជាបន្ទាន់​។ វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា ​នៅ​ទីក្រុង ​ភ្នំពេញ​ ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​។ នៅ​ឆ្នាំ ​១៩៨០ មាន​រោងចក្រ សហគ្រាស​ប្រមាណ​ជា ​៤០ បានធ្វើ​សកម្មភាព​របស់ខ្លួន និង​ផលិត​ឡើងវិញ​។ ចំណែក​វិស័យ​កសិកម្ម​បាន​ដាំ​ដុះ​ឡើងវិញ ទោះបី​គ្មាន​ឧបករណ៍​កសិកម្ម​ប្រើប្រាស់​គ្រប់គ្រាន់​។ មធ្យោបាយ​ដឹកជញ្ជូន​នៅក្នុង​ឆ្នាំ​ ១៩៨០ រថភ្លើង​បាន​ដំណើរ​សារជាថ្មី ពី ​ភ្នំពេញ​ទៅកំពង់សោម​។ ចំណែក​ផ្លូវទឹក​មាន​កំពង់ផែ​ខេត្ត​ ព្រះសីហនុ សម្រាប់​ធ្វើការ​ផ្ដោះ​ផ្ដូ​រ​ទំនិញ​ទៅកាន់​ទីផ្សារ​ក្នុង​ពិភពលោក ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ ​ភ្នំពេញ ​បាន​ដំណើរការ​ម្ដងទៀត ក្នុងពេល​ដំណាល​ផង​គ្នា​ដែរ​។
ផែនទីរំដោះថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩

​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​សង្គមនិយម វៀតណាម និង សហភាពសូវៀត ព្រមទាំង​ធ្វើការ​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចំនួន​ ២៩​ ផ្សេងទៀត ដែលមាន​ស្ថានទូត​ប្រចាំ​នៅក្នុង​ប្រទេស​ កម្ពុជា​។ សាលារៀន​បាន​បើកទទួល​សិស្ស និស្សិត ប្រមាណ​ជាង ​៧​ សែន​នាក់​ឲ្យ​ចូលរៀន​។ រដ្ឋាភិបាល​បាន​ប្រមូល និង​បង្កើតជា​ក្រុម​ប្រវាស់ដៃ ឬ​ក្រុមសាមគ្គី​បង្កបង្កើនផល ដាំ​ដុះ​ស្រូវ និង​ដាំ​ណាំ​ផ្សេងៗ ព្រោះ​រដ្ឋាភិបាល​ខ្វះខាត​កម្លាំង​ពលកម្ម​។ ក្នុងនោះ ​មានការ​ចាត់តាំង​ក្រុម​បង្កបង្កើត​ផល​ដែលមាន​កម្លាំង​ប្រមាណ​ជា​ ៤៥.០០០ ​ពាន់​ក្រុម (​ក្នុង​មួយក្រុម​មាន​សមាជិក​ពី ​១០ ​ទៅ​ ១៥ ​គ្រួសារ​)​។
 
​ដើម្បី​ជាការ​ចងចាំ​ចំពោះ​គុណបំណាច់​នៃ​កងទ័ពដែល​បាន​ពលី​អាយុជីវិត​របស់ខ្លួន​ក្នុង​បុព្វហេតុ​ជាតិ និង​អបអរសាទរ​ដល់​ថ្ងៃ​ដែល​ប្រជាជនកម្ពុ​ជា មាន​សេរីភាព ឯករាជ្យ ជួបជុំ​គ្រួសារនិង ការកសាង​ជីវិត​ឡើងវិញ រដ្ឋាភិបាល​កម្ពុជា ​បានកំណត់​យក​ថ្ងៃទី​ ៧ ខែ មករា ជា​ថ្ងៃ​រំឭក​ខួប​នៃ​ការទទួលបាន​ជ័យជម្នះ​លើ​របប ​ខ្មែរក្រហម​។ គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន​នានា​បាន​ឈប់សម្រាក​រយៈពេល​មួយ​ថ្ងៃជា​រៀងរាល់ឆ្នាំ​។ ក្នុងឱកាស​ក្នុងការ​ប្រារព្ធ​ចងចាំ​ស្មារតី ៧ ​មករា នេះដែរ នៅតាម​ស្ថាប័នរដ្ឋ​មួយចំនួន​ដូចជាសាលាខេត្ត សាលាស្រុក ឬ​ឃុំ​ទូទាំងប្រទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​ថ្ងៃ ​៧ មករា យ៉ាង​ឱឡារិក ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ស្ថាប័នរដ្ឋ ព្រះ​ស​ង្ឈ សាធារណៈជន​ទូទៅ សិស្សានុសិស្ស ក្រុម​កាយ​រិ​ទ្ធ និង​កាកបាទក្រហម​។
 
​ថ្ងៃទី​ ៧ ខែ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​រំឭក​ពី​ការបាត់បង់ និង​ការរស់រានមានជីវិត​របស់​ប្រជាជន ​កម្ពុជា​ពី​របប​ខ្មែរក្រហម​។ ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាលនិង​ជនរងគ្រោះ ​កម្ពុជា ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ប្រទេស​ឡើងវិញ ក្រោយពី​ការបំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​ពីរ​បប​ខ្មែរក្រហម​៕
ប្រភពព័ត៌មាន៖ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត/រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖