Thứ 7, 25/05/2019, 12:15 GMT+7
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែ កុម្ភៈខាងមុខ
15:23, 24/02/2019
តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ង្វៀនភូត្រុង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩។ 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានកម្ពុជា បានអោយដឹងថា៖ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង នឹងអញ្ជើញចូលគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គលនៅក្នុងព្រះប​រមរាជវាំង ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម ង្វៀនភូត្រុង។ 
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម


ជាមួយគ្នានេះដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង ក៏នឹងអញ្ជើញចូលបង្គំគាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនិងសម្តេចព្រះអភិសិរី សុគន្ធាមហា សង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះ​រាជាណាចក្រកម្ពុជាផងដែរ ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង ក៏នឹងមានជំនួបដោយ​ឡែកពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិង​សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម ង្វៀនភូត្រុង នឹងអញ្ជើញចូលរួមជាមួយសម្តេច​តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ៕
ប្រភពព័ត៌មាន៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖