Thứ 4, 17/07/2019, 23:45 GMT+7
វៀតណាម បង្កើនទំហំវិនិយោគប្រមាណជាង ៣ ពាន់លានដុល្លារនៅ កម្ពុជា
10:39, 11/07/2019
​លោក​ឯកអគ្គរដ្ឋទូត​ស្ថានទូត ​វៀតណាម ​នៅ ​កម្ពុជា បាន​ឲ្យ​ដឹងថា គិត​មកទល់​បច្ចុប្បន្ន​នេះ ​ប្រទេស ​វៀតណាម​មាន ​២១៤ ​គម្រោងបាន​ចុះបញ្ជី​វិនិយោគ​នៅក្នុង​ប្រទេស​ កម្ពុជា ដោយមាន​ទុនវិនិយោគ​សរុប​ចំនួន​រហូតដល់ ៣,០៧៤​ ពាន់​លាន​ដុល្លារ​អាម៉េរិក​។
យោងតាមសារព័ត៌មានរស្មីកម្ពុជា ​នៅក្នុង​វេទិកា​លើកកម្ពស់​ពាណិជ្ជកម្ម​និង​វិនិយោគ​ កម្ពុជា ​- ​វៀតណាម ​ឆ្នាំ​ ២០១៩ កាលពី​រសៀល​ថ្ងៃទី ​៩ ខែ កក្កដា ឆ្នាំ​ ២០១៩ ​កន្លងទៅ នៅ​រាជធានី ​ភ្នំពេញ លោក វូក្វាងមិញ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម ​ប្រចាំ​ កម្ពុជា មានប្រសាសន៍ថា៖ ក្នុងចំណោម​ទំហំ​វិនិយោគ​ខាងលើនេះ ក្នុងនោះ​មាន ​១៧៦ ​គម្រោងមាន​សុពលភាព​ដែលមាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ​២,៧៧​ ពាន់​លាន​ដុល្លារនៅក្នុង​ប្រទេស​ចំនួន ​៥ ដែលមាន​ការវិនិយោគ​ទុន​ផ្ទា​ល់ពី​បរទេស​ភាគច្រើនបំផុត​នៅ​ កម្ពុជា​។ 
​ទិដ្ឋភាពនៃវេទិកា​លើកកម្ពស់​ពាណិជ្ជកម្ម​និង​វិនិយោគ​ កម្ពុជា ​- ​វៀតណាម កាលពី​រសៀល​ថ្ងៃទី ​៩ ខែ កក្កដា ឆ្នាំ​ ២០១៩។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

លោក វូក្វាងមិញ បានបន្តថា ចាប់ពីដើមឆ្នាំរហូតដល់ខែ មិថុនា កន្លងទៅនេះ មានគំរោងថ្មីចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ៥៣០ ពាន់ដុល្លារនិង ៣ គម្រោងត្រូវបាន កែសម្រួលដើម្បីបង្កើនដើមទុន (ដើមទុនចុះបញ្ជីសរុបកើនឡើង ៣៧,៥ លានដុល្លារ) សកម្មភាពវិនិយោគរបស់សហគ្រាស វៀតណាម នៅ កម្ពុជា បានរួមវិភាគទានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការងារសន្ដិសុខសង្គមផងដែរ។

លោក ដូក្វឹក​ហ៊ឹង អនុប្រធាន​នាយកដ្ឋានទីផ្សារ អាស៊ី​ប៉ាស៊ីហ្វិក នៃក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម តំណាង​ក្រុមប្រឹក្សា​ប្រតិបត្តិនៃ​សមាគម​សហគ្រាស ​វៀតណាម ​នៅ​ កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា៖ បច្ចុប្បន្ន​ក្រុមហ៊ុន​មកពី​ប្រទេស​ វៀតណាម បានមក​វិនិយោគ​នៅ​ កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ក្នុង​វិស័យ​កសិកម្ម ក្នុងនោះ​មាន​ដើមទុន​ចុះបញ្ជី​ប្រមាណ​ ២,១២ ​ពាន់​លាន​ដុល្លា​រ សកម្មភាព​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ធនាគារនិង​ធានារ៉ាប់រង​មាន​ទំហំ​ទឹកប្រាក់​ជាង ​៣៦៣ ​លាន​ដុល្លារ​ ឧស្សាហកម្ម​ផលិត​និង​កែច្នៃ​ជាង​ ៧៥​ លាន​ដុល្លារ​ ការជីក​រុករក​រ៉ែ​ជាង ​៥៨​ លាន​ដុល្លារ​ ការដឹកជញ្ជូន​និង​វិនិយោគ​លើ​ឃ្លាំង​ស្តុក​ជាង ​៥១ ​លាន​ដុល្លារ​ វិស័យ​ព័ត៌មាន​វិទ្យានិងទូរគមនាគមន៍​ជាង ​៤៣ ​លាន​ដុល្លារ​។ ​
លោក វូក្វាងមិញ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម ​ប្រចាំ​ កម្ពុជា អញ្ជើញថ្លែងយោបល់ក្នុងវេទិកា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ចំណែកឯ​គម្រោង​វិនិយោគ​ដែល​នៅ​សេសសល់ស្ថិតក្នុង​ការនាំចេញ​នាំចូលដូចជា​៖ ​វិស័យ​សុខាភិបាល សំណង់ ទេសចរណ៍ សណ្ឋាគារ អចលនទ្រព្យ ផលិតផល​ចែកចាយ​អគ្គិសនី ឧស្ម័ន​ចំហេះ ចំហាយ ម៉ាស៊ីនត្រជាក់និង​សេវាកម្ម​ផ្សេងៗ​ ទៀត​កំពុងមាន​ការវិនិយោគ​នៅក្នុង​ខេត្ត ​ក្រុង​ក្នុងប្រទេស​ កម្ពុជា​។​

​ជុំវិញ​ការវិនិយោគ​ខាងលើ លោក នុត អ៊ុន​វណ្ណា អគ្គលេខាធិការរងនៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ​កម្ពុជា (CDC) ​បញ្ជាក់ថា៖ នៅក្នុង​រយៈពេល ៥​ ឆ្នាំ​មកនេះ កម្ពុជា ​បាន​ទាក់ទាញ​អ្ន​កវិន​យោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិកដែល​បានមក​ចុះបញ្ជី​នៅ CDC ក្នុងនោះ ​ដោយ​មិនទាន់​រាប់​ប​ញ្ជូ​ល​នៃ​ការចុះបញ្ជី​ពី​ក្រសួង ស្ថា​ប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ ទៀត ក្នុងនោះ ​រយៈពេល ​២​ ឆ្នាំ​ចុងក្រោយ កម្ពុជា​ ទទួលបាន​ការ​ចុះបញ្ជី​នៅមានកម្រិត​នៅឡើយ​។​
លោក នុត អ៊ុន​វណ្ណា អគ្គលេខាធិការរងនៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ​កម្ពុជា អញ្ជើញថ្លែងយោបល់ឧទ្ទែសនាមអំពីគោលនយោបាយទាក់ទាញវិនិយោគនៃប្រទេសកម្ពុជា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
​លោក​អគ្គលេខាធិការរងលើកឡើងថា៖ ទាក់ទិន​ការវិនិយោគ​នេះ រដ្ឋាភិបាល ​កម្ពុជា ​បាន​ចាត់វិធានការ​ធំៗ​ មួយចំនួនដូចជា​ការកែសម្រួល​កំ​ពង់​ផែ ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុន​នាវាចរ​សមុទ្រ​ធំៗ នឹង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធដើម្បី​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​សេវា​ការដឹក​តាម​កុង​ទី​ន័​រ ការលុបចោល​ការចេញ C.O សម្រាប់​ប្រទេស ការបញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូលនិង​ការលុបចោល​អង្គភាព​កាំសាប​ជាដើម គឺ​រដ្ឋាភិបាល​បាន​បង្កលក្ខណៈ​កាន់ តែ​ងាយស្រួល​ដល់​អ្នកវិនិយោគនិង​បង្កើត​ឱកាស​ភាព​ទាក់ទាញ​អ្នកវិនិយោគ​ឲ្យ​មក​បណ្តាក់ ទុន​រកស៊ី​នៅ​កម្ពុជា​ កាន់តែ​ច្រើនឡើងៗ​៕ 
សុគន នីថា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖