Thứ 4, 20/11/2019, 8:50 GMT+7
អាស៊ានបានអនុម័តផែនការបង្កើតការងារនិងជំនាញដល់យុវជនក្នុងតំបន់របស់ខ្លួន
10:14, 19/07/2019
គណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) បានឯកភាពធ្វើវិសោធនកម្មលើមាត្រាមួយចំនួនដើម្បីផ្ដល់ការបណ្តុះបណ្តាលនិងទទួលស្គាល់អ្នកជំនាញក្នុងផ្នែកផ្សេងៗ ទៀត ក្រៅពីផ្នែកសណ្ឋាគារនិងធ្វើដំណើរក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។ 
 
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) ជួបប្រជុំពិសេសនៅខេត្តសៀមរាប នាថ្ងៃទី​ ៩ ខែកក្កដា កន្លងទៅ។
ទិដ្ឋភាពការជួបប្រជុំនៃគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន 


កន្លងមក ប្រទេសសមាជិកអាស៊ានបានខិតខំបណ្តុះបណ្តាលយុវជនតាមស្តង់ដារួមអាស៊ាន លើមុខជំនាញចំនួន ៣២ នៃសេវាកម្មសណ្ឋាគារនិងធ្វើដំណើរដោយអាស៊ានបានបណ្តុះបណ្តាលគ្រូ និងអ្នកវាយតម្លៃបង្គោលអាស៊ាន ដាក់ចុះអនុវត្តកម្មវិធីសិក្សារួមអាស៊ានជាដើម។

ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអាស៊ានថា មានភាពនាំមុខគេក្នុងការអនុវត្តស្តង់ដា​បណ្តុះបណ្តាលខាងលើនោះ បានបណ្តុះបណ្តាលគ្រូបង្គោលជាង ៦០០ នាក់ មានសិស្សនិស្សិតឆ្លងកាត់ការបណ្តុះបណ្តាលតាមកម្មវិធីអាស៊ានពេញលេញប្រមាណ ៤.០០០នាក់ ហើយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ភាគច្រើនបានអនុវត្តកម្មវិធីអាស៊ាននេះ។

កិច្ចប្រជុំពិសេសនៅខេត្តសៀមរាប នាពេលនេះ បានពិភាក្សាឯកភាពបន្ថែមលើជំនាញម៉ាស្សានិងជំនាញផ្នែករៀបចំព្រឹត្តិការណ៍ (MICE) ទៅក្នុងកិច្ចព្រមព្រៀង MRA នេះនៅពេលអនាគត ហើយកម្ពុជាទទួលបន្ទុករៀបចំស្តង់ដាបណ្តុះបណ្តាលម៉ាស្សា។

ទិដ្ឋភាពការជួបប្រជុំនៃគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន 


គួរបញ្ជាក់ថា កិច្ចព្រមព្រៀង MRA មានគោលបំណងសម្រួលបម្លាស់ទីការងារនៃអ្នកជំនាញអាស៊ាន (បច្ចុប្បន្នមាន ៣២ ជំនាញ) នៅក្នុងបណ្តាប្រទេសអាស៊ាន តាមច្បាប់នៃប្រទេសសមាជិកនីមួយៗ និងស្របតាមយន្តការអាស៊ាន។ យុវជនដែលអាចមានឱកាសបម្លាស់ទីលុះត្រាតែឆ្លងកាត់ការបណ្តុះបណ្តាលតាមស្តង់ដាកម្មវិធីអាស៊ាន ឬមានការទទួលស្គាល់ដោយអាស៊ាន៕

ប្រភពនិងរូប៖ ក្រសួងទេសចរណ៍កម្ពុជា


យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖