Thứ 3, 22/10/2019, 10:39 GMT+7
អ្នកជំនាញជាច្រើនអំពាវនាវ ចិន អោយគោរពច្បាប់អន្តរជាតិនៅសមុទ្រចិនខាងកើតនិងអនុវត្តបណ្ដាវិធានការកសាងទំនុកចិត្ត
09:01, 26/09/2019
ការណ៍ដែលប្រទេសចិនបានដាក់ពង្រាយក្រុមនាវាស្ទាបស្ទង់ភូគព្ភសាស្រ្ត របស់ខ្លួនឈ្មោះ Haiyang Dizhi 8 ទៅកាន់តំបន់សមុទ្រ ទឺជិញ (Tu Chinh) ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថាជា Vanguard Bank នៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេស វៀតណាម បានធ្វើអោយសាធារណៈមតិអន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។ 
អ្នកជំនាញអន្តរជាតិជាច្រើនបានរិះគន់​សកម្មភាពខុសច្បាប់ទាំងឡាយ​របស់ប្រទេស ចិន នៅសមុទ្រខាងកើតដែលត្រូវបានគេស្គាល់ជាអន្តរជាតិថាជាសមុទ្រចិនខាងត្បូង ដោយទាមទារឱ្យចិនបញ្ឈប់​នូវ​រាល់ទង្វើ​បង្កើនភាពតានតឹងក្នុងតំបន់ គោរពច្បាប់អន្តរជាតិនិងអនុវត្ត​បណ្ដាវិធានការកសាងទំនុកចិត្ត​សំដៅជៀស​វាងជម្លោះ។
សាស្រ្តាចារ្យ Go Ito (ខាងស្តាំ) នៃសាកលវិទ្យាល័យ Meiji (ជប៉ុន) អញ្ជើញផ្តល់បទសម្ភាសន៍
 
នៅចំពោះមុខដំណើរវិវត្តដ៏តានតឹងនាបច្ចុប្បន្ននៅសមុទ្រខាងកើត ជាពិសេសបន្ទាប់ពីប្រទេស ចិន បាន ដាក់ពង្រាយនាវាស្ទាបស្ទង់ភូគព្ភសាស្រ្ត Haiyang Dizhi 8 រួមទាំងនាវាអមការពារមួយចំនួនចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេស វៀតណាម លោក Gregory B. Poling នាយកអង្គការគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រទ្វីបអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ (CSIS) បានកត់សម្គាល់ថា៖ ប្រទេស ចិន កំពុងដំណើរការនូវយុទ្ធសាស្ត្រយូរអង្វែងនិងឥតងាករាមួយក្នុងគោលបំណងសម្លុតបង្ខំប្រទេសនានាត្រូវបោះបង់ ចោលនូវរាល់សិទ្ធិស្របច្បាប់នៅសមុទ្រខាងកើត ។ 

យោងតាមលោក Gregory B. Polingរាល់ទង្វើរបស់ ចិន កាន់តែប្រែក្លាយទៅជាការ គំរាមកំហែង ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលពួកគេដាក់ពង្រាយនាវាកាន់តែច្រើនឡើងនៅសមុទ្រខាងកើត​បើធៀបទៅនឹងរយៈកាលមុននេះ។ នៅក្នុងបរិបទនោះ អ្នកជំនាញ Poling មានអនុសាសន៍ដោយសំណូមពរអោយបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវបង្ហាញអោយច្បាស់នូវគោលជំហរក្នុងការការពារសិទ្ធិស្របច្បាប់តាមច្បាប់អន្តរជាតិ។

ស្របនឹងទស្សនៈរបស់លោក Poling  សាស្រ្តាចារ្យ Stein Tonnesson មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo  ក៏ចាត់ទុកថា៖ ការណ៍ដែលប្រទេសចិនរារាំងប្រទេសនានាមិនឱ្យដំណើរការរាល់សកម្មភាពស្របច្បាប់នៅ សមុទ្រខាងកើតក៏ដូចជាការជ្រៀតជ្រែកទៅក្នុងរាល់សកម្មភាពរុករកប្រេងឧស្ម័នរបស់ វៀតណាម នៅក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសនេះគឺមានលក្ខណៈជាប្រព័ន្ធ។ ប្រទេសអាស៊ីអាគ្នេយ៍ទាំងឡាយចាំបាច់ត្រូវខិតខំប្រឹងប្រែង សន្ទនាសំដៅឆ្ពោះទៅរកដំណោះស្រាយសមហេតុផលនិងជាក់ស្តែងជាង។

ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យ Go Ito នៃសាកលវិទ្យាល័យ Meiji (ប្រទេស ជប៉ុន) បាន​សង្កត់​ធ្ងន់ថា៖ រាល់សកម្មភាពរបស់ប្រទេស ចិន នៅសមុទ្រខាងកើតកំពុងទទួលរងនឹងការរិះគន់​​កាន់តែ​ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់សហគមន៍អន្តរជាតិ។

ចំពោះមុខដំណើរវិវត្តដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាពេលបច្ចុប្បន្ន ប្រទេសវៀតណាម ចាំបាច់ត្រូវពង្រឹងកម្លាំង​ឆ្លងតាមរយៈការពង្រីកទូលំទូលាយជាងទៀតនូវទំនាក់ទំនង​មិត្តភាព ជាមួយបណ្ដាប្រទេសដែលមានគោលជំហរយល់ស្រប​នឹងគោលនយោ​បាយ​សមុទ្រ​របស់ វៀតណាម។ ហើយប្រទេស វៀតណាម ក៏ចាំបាច់ត្រូវតែកសាងគោលនយោបាយសមុទ្រមួយដែល​នាំមកនូវផល​ប្រយោជន៍ដល់គ្រប់​ប្រទេសទាំងអស់ដែលមាននាវាឆ្លងកាត់សមុទ្រខាងកើត។
លោកបណ្ឌិត Lee Jae-hyon នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននិងទ្វីបអូសេអានីនៃវិទ្យាស្ថាន​ស្រាវជ្រាវ គោលនយោបាយ ASAN (កូរ៉េខាងត្បូង) អញ្ជើញផ្តល់បទសម្ភាសន៍

បណ្ឌិត Lee Jae-hyon នាយកមជ្ឈមណ្ឌលស្រាវជ្រាវ ASEAN និងទ្វីបអូសេអានីនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ ASAN (កូរ៉េខាងត្បូង) ចាត់ទុកថា៖ ស្ថានភាពសន្តិសុខនៅសមុទ្រខាងកើតកាន់តែអាក្រក់ទៅៗ ពី មួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលប្រទេស ចិន រំលោភបំពានច្បាប់អន្តរជាតិ​នៅតំបន់សមុទ្រនេះ ហើយបង្កការ ព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខចំពោះបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេស វៀតណាម។

លោក Carl A. Thayer សាស្ត្រាចារ្យនៃវិទ្យាស្ថានការពារជាតិ អូស្ត្រាលី ចាត់ទុកថា​៖ ក្នុងហេតុការណ៍ដែល កើតឡើង​នៅតំបន់សមុទ្រ ទឺជិញ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថាជា Vanguard Bank បច្ចុប្បន្ននេះ ទង្វើរបស់ ចិន គឺរំលោភបំពានលើតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ វៀតណាម។

រាល់សកម្មភាពស្ទាបស្ទង់រុករកនិងរាល់សកម្មភាព​មានលក្ខណៈពាណិជ្ជកម្ម​ផ្សេងៗ​ ទៀតរបស់ប្រទេស ចិន ក្នុង EEZ របស់វៀតណាម នៅសមុទ្រខាងកើតត្រូវតែ មានការអនុញ្ញាតរបស់ប្រទេស វៀតណាម ព្រោះថា មានតែប្រទេស វៀតណាម ប៉ុណ្ណោះទេ ទើបមានសិទ្ធិចំពោះប្រភពធនធាន​ទាំងអស់​នៅក្នុងដែនទឹកនិងក្រោមបាត សមុទ្រក្នុងតំបន់នេះ។ រាល់ប្រទេសដែលមាន​ព្រំដែន​ជាប់​សមុទ្រ​ទាំងអស់​សុទ្ធតែក្តាប់បានយ៉ាង​ច្បាស់ប្រការទាំងនោះ។

យោងតាមសាស្រ្តាចារ្យ Thayer រាល់សកម្មភាពដែលបានលើកឡើងខាងលើរបស់ប្រទេស ចិន មិនត្រឹមតែ ប្រព្រឹត្តឡើងចំពោះប្រទេស វៀតណាម ប៉ុណ្ណោះទេ នៅថែមទាំងចំពោះប្រទេស ហ្វីលីពីន និង ម៉ាឡេស៊ី ក្នុងពេលតែមួយផងដែរ។ អាស៊ាន ចាំបាច់ត្រូវតែបន្លឺសំឡេងអំពីបញ្ហា​នេះ ហើយចាត់​ទុកថា នេះជា​ហេតុការណ៍ដ៏ធ្ងន់ធ្ងរ។

លោកសាស្រ្តាចារ្យ Thaye rបានសង្កត់ធ្ងន់ថា៖ ប្រសិនបើបណ្ដាប្រទេសអាស៊ានមិនក្រោកឈរ​ឡើងប្រឆាំង​ទេនោះ បណ្ដាទង្វើទាំងនេះ នឹងបន្តកើតឡើងសាទៅសាមកច្រើនដងទៀតនៅពេលខាងមុខ។ ដូច្នេះហើយ បណ្ដាប្រទេស អាស៊ាន ត្រូវតែបង្ហាញ ពីជំហររឹ​ងត្អឹងក្នុងការសន្ទនាជាមួយប្រទេស ចិន ប្រសិនបើក្រុង ប៉េកាំង នៅតែបន្តមានគោលបំណងក្ដាប់យកសមុទ្រខាងកើតទាំងមូល។
សាស្រ្តាចារ្យបណ្ឌិត Carl Thayer វិទ្យាស្ថានការពារជាតិ អូស្ត្រាលី នៅក្នុងសិក្ខាសាលាមួយស្តីពីសមុទ្រ ខាងកើត

លោក James Gomes នាយកមជ្ឈមណ្ឌលស្រាវជ្រាវ អាស៊ី បានវាយតម្លៃខ្ពស់ចំពោះ​វិធានការដ៏ត្រឹមត្រូវរបស់ វៀតណាម ក្នុងហេតុការណ៍ដ៏តានតឹងជាមួយចិនបច្ចុប្បន្ន​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ វៀតណាម នៅសមុទ្រខាងកើត។ លោកបានសង្កត់ធ្ងន់ថា៖ សមុទ្រចិនខាងត្បូង​ត្រូវតែ​ជាតំបន់សេរីភាពសម្រាប់មនុស្សគ្រប់រូបអាច ធ្វើដំណើរទៅមកធ្វើពាណិជ្ជកម្ម​ ក៏ដូចជា​សហប្រតិបត្តិការ​រវាង​មនុស្សនឹងមនុស្សក្នុងសន្តិភាព។

ចំពោហេតុការណ៍ ដែល ចិន បង្កភាពតាន​តឹងឡើងដូចសព្វថ្ងៃ​ ហើយប្រកាសអធិបតេយ្យភាពចំពោះមួយចំណែកដ៏ធំនៃផ្ទៃសមុទ្រខាងកើតនោះគឺជាបញ្ហា​ធំ​មួយ។ វិធានការដែលប្រទេស វៀតណាម កំពុងធ្វើនិងប្ដេជ្ញាការពារអធិបតេយ្យភាពជាយុទ្ធសាស្ត្រ ដ៏ត្រឹមត្រូវ។

ក្នុងពេលជាមួយគ្នានោះ សាស្រ្តាចារ្យ Kavi Chongkittavorn នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ នៃសាកលវិទ្យាល័យជូឡាឡុងកន (ថៃ) បានចាត់ទុកថា៖ ក្នុងតួនាទីជាប្រធាន អាស៊ាន នៅឆ្នាំ ២០២០ ព្រមទាំង ចាប់ ផ្តើមអាណត្តិសមាជិកមិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការ​សហប្រជា​ជាតិ​​​អាណត្តិ ២០២០-២០២១ ប្រទេស វៀតណាម មានជំហរដើម្បីជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសន្ទនានិងការចរចា៕
វណ្ណារា-ជ័យពិសិដ្ឋ-សុមិត្ត-បឹងបួ-ធីរិទ្ធ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖