Thứ 3, 19/02/2019, 1:51 GMT+7
៤០ឆ្នាំផ្ដើមចេញពីជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជាប្រែមុខមាត់ថ្មី គ្មានអ្នកណាអាចនឹកស្មានដល់
09:51, 08/01/2019
ដោយមានមោទនភាពទៅនឹងខួប ៤០ ឆ្នាំនៃទិវាជ័យជម្នះ ៧ មករានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុ​ងរយៈពេល ៤០ ឆ្នាំ ផ្ដើមចេញពីជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ កម្ពុជាសម្រេចបាន​នូវការកែ​ប្រែ​មុខមាត់ដែលគ្មានអ្នកណាអាចនឹកស្មានដល់។
ក្នុងមីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១​៩​៧​៩​ - ៧/១/២០១៩) នាព្រឹកថ្ងៃចន្ទ ថ្ងៃទី ០៧ ខែ ​មករា ឆ្នាំ ២០១៩ កន្លងទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអ្នកចូលរួមប្រមាណជាង ៦ ម៉ឺននាក់ដើម្បី​រម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពី​កម្ពុ​ជា​ត្រូវបានរំដោះខ្លួន​ចេ​​​ញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចតេ​ជោ ហ៊ុនសែន នាយករដ្ឋ​ម​ន្ត្រី​​​នៃកម្ពុជា បានថ្លែង​រម្លឹកថា កម្ពុជាកាលពីមុនត្រូវញាំញីនិងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការ​បែក​បាក់​ជា​តិនិងបែងចែកទឹកដី អសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែល​មានសន្តិភា​ពពេញ​លេញ មានការបង្រួបបង្រួមជាតិនិងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំនិង​ក្លា​យជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់និងពិភពលោក។ ទន្ទឹម នេះ ​មានប្រជាជនរស់​នៅក្នុងសុខសន្តិភាពយ៉ាងសុខដុម ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និង​ទាំងក្នុងសង្គមជាតិទាំងមូល។

មីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧.១.១​៩​៧​៩​- ៧.១.២០១៩)


សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាដែលពីមុន​ជាវាល​ពិឃាត​ គ្របដណ្ដប់ដោយអំណាច​ផ្ដា​ច់​​ការនិងឧក្រិដ្ឋកម្មគួរឱ្យរន្ធត់បំផុតនៃរបបប្រល័យ​ពូជសាសន៍ ឥឡូវបានក្លាយជាទឹក​ដីសេរី​ភា​ពដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោល​ការណ៍នៃលទ្ធិប្រជាធិបតេយ្យ តា​មរយៈការរៀបចំការបោះ​ឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌និងជា​រដ្ឋ​ដែល​គោរពគោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាព​គ្នា​នៅ​ចំពោះមុខច្បាប់។

លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកថា កម្ពុជា កាលពីមុនត្រូវបានគេប្រមាថមើល ងាយ ត្រូវបានគេហ៊ុមព័ទ្ធនិង​ឯ​កោទាំងខាងនយោ​បាយនិងសេដ្ឋកិច្ច ឥឡូវគឺជារដ្ឋឯករាជ្យមួយដែលមានអធិបតេយ្យនិង​បូរ​ណភាព​ទឹកដី​ពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម​ទៅក្នុ​ងរ​ច​នា​សម្ព័ន្ធនិងនិម្មាបនកម្មនៃតំបន់និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្មដោ​យស្មើភាពនិងស្មើសិទ្ធិក្នុងរាល់កិច្ចការតំបន់និងអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុនសែន គូសបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយបានបង្កើតឱកាសមាសដែលពុំធ្លាប់មាន​ដល់​ក​ម្ពុ​ជា​ ក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈក្នុងរ​យៈ​ពេលជាង ២ ទសវត្សចុងក្រោយនេះ។  ជាមួយគ្នានេះ កម្ពុជាទទួលបានជាចំណាត់ថ្នាក់ជា​ប្រទេ​សដែល​មា​នកំណើនសេដ្ឋកិច្ចខ្ពស់និងលឿនបំផុតលំដាប់ថ្នាក់ទី ៦ លើពិភពលោកដោយសម្រេច​បា​ន​កំណើនជាមធ្យមជាង ៧ ភាគរយក្នុង ១ ឆ្នាំ តាមរយៈការរីកចម្រើន​ក្នុងកម្រិត​ខ្ពស់ជាប់មិនដាច់នៃវិ​ស័​​យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គម​នា​គម​ន៍និងការដឹកជញ្ជូន។

ជាក់ស្ដែង ផលិតផលសរុបក្នុងស្រុក បានកើនពីប្រមាណ ៣.៦៤៩ លានដុល្លារនៅឆ្នាំ ២០០០ ដល់ប្រ​មា​ណ​ ២៤.៦០៥ លានដុល្លារនៅឆ្នាំ ២០១៨។ លើសពីនេះទៀត រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិកំពុងផ្លាស់ប្ដូរពីប្រទេស​ដែ​ល​ពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ។ ការកសាងផ្លូវ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាស្ត្រ មន្ទីរពេទ្យ សា​លា​រៀ​ន​ ត្រូវបានស្ថាបនាច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេស។ ចំណែករោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈ​មណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ៗ។ល។ ត្រូវបានកសាងនិង​ពង្រីកកាន់តែ​ច្រើ​ន​ដែលបានផ្ដល់ការងារជូនប្រជាជនរាប់ លាននាក់នៅគ្រប់ទិសទី។ ក

កម្ពុជាក៏ត្រូវបានមជ្ឈដ្ឋាន​វិនិ​យោគិនក្នុងស្រុកនិងក្រៅប្រទេសនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​នានាវាយតម្លៃថា ជា​ប្រទេ​ស​ដែលមានបរិយាកាសល្អសម្រាប់ការវិនិយោគនិងធុរកិច្ច។ សម្រាប់រយៈពេលខ្លីនិង​មធ្យ​ម​ខា​​ងមុខ កម្ពុជារំពឹងថា នៅតែអាចសម្រេចបានកំណើន​សេដ្ឋ​កិច្ចក្នុងរង្វង់ ៧ ភាគរយក្នុងមួយឆ្នាំនិង​ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹង​មាំបន្តទៀត។

លើមូលដ្ឋាននៃសមិទ្ធកម្មវិ​ស័យសេដ្ឋកិច្ច​នេះ​​ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅក៏ទទួល​បាននូវការកែលម្អកាន់តែប្រសើរ​ឡើងជា​លំ​ដាប់ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈ​កំណើនមធ្យមសម្រាប់មនុស្សម្នាក់ពីប្រមាណ ២៨៨​ ដុល្លារនៅឆ្នាំ ២០០០ ដល់ ១.៥៦៣ ដុល្លារ​នៅឆ្នាំ ២០១៨។ អត្រានៃភាពក្រីក្រក៏​បាន​ធ្លា​ក់​ចុះពី​ប្រមាណ ៥៣,២ ភាគរយនៅឆ្នាំ ​២០០៤ មកនៅត្រឹមប្រមាណ ១៣,៥ ភាគរយនៅឆ្នាំ ២០១៤ ដែល​ត្រូវ​បាន​រំពឹងថា បន្តថយចុះមកនៅ​ក្នុងរង្វង់ ១០ ភាគរយ នាបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា កម្ពុជាបានឆ្លងកាត់ដោយ​ជោគ​ជ័​យ​ ពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រម​ទាំងកំពុង​ប្រឹង​ប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជា​ប្រទេស​មា​ន​ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕
ដោយ៖  ជឹម ណារី/AKP
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖