Thứ 6, 21/02/2020, 23:0 GMT+7
សម្រស់និទាឃរដូវនៅតំបន់ភ្នំ ត្រាមតូវ
10:36, 27/01/2020
នៅពេលដែលព្រះអាទិត្យជះកាំរស្មីដ៏កក់ក្តៅនៃនិទាឃរដូវមកលើស្រុកតំបន់ភ្នំ ត្រាមតូវ (ខេត្ត អៀនបាយ) ក៏ជាពេលដែលបង ប្អូនបណ្ដាជនជាតិកំពុងបញ្ចេញកម្លាំងប្រលងប្រណាំងស្វាគមន៍ទទួលនិទាឃរដូវថ្មី។ អញ្ជើញមកដល់ ត្រាមតូវ បច្ចុប្បន្ននេះ គយគន់មើលថ្នាលស្រូវ ចម្ការពោតកំពុងស្ថិតក្នុងរដូវកាលសាបព្រោះ យើងខ្ញុំកាន់តែមានអារម្មណ៍យល់ដឹងថាជីវភាពរស់នៅថ្មីមួយកំពុងប្រែខ្លួនវិវត្តនៅទីនេះ។
តំបន់ដីកំពុងប្រែខ្លួនវិវត្ត
ត្រាមតូវ ជាស្រុកតំបន់ភ្នំលំបាកលំបិនពិសេសនៃខេត្ត អៀនបាយ រួមមានឃុំ ទីរួមស្រុកចំនួន ១២ ដោយមាន ១០ ជនជាតិជាបងប្អូនរស់នៅជាមួយគ្នាក្នុងនោះ ភាគច្រើនគឺជនជាតិ ម៉ុង (៧៧%) ថៃ (១៣,៦៥%) ។ល។ ប៉ុន្មានឆ្នាំមុនៗ នេះ ដោយសារទម្លាប់ក្នុងការប្រជុំជីវភាព ការធ្វើវប្បកម្មអន់ថយទើបស្ថានភាព "បាយមិនគ្រប់សម្រាប់បរិភោគ សម្លៀកបំពាក់មិនគ្រប់សម្រាប់ស្លៀកពាក់" តែងតែកើតមានឡើងក្នុងជីវភាពប្រចាំថ្ងៃរបស់ បងប្អូនជនជាតិ។
និទាឃរដូវនៅបណ្ដាភូមិនិគមជនជាតិ ម៉ុង នៅស្រុក ត្រាមតូវ

យល់ច្បាស់អំពីក្តីលំបាកលំបិនទាំងនោះ បក្សនិងរដ្ឋបានដំណើរការនូវកម្មវិធី គោលនយោបាយជាច្រើនដូចជា៖ កម្មវិធី ១៣៥ កម្មវិធី ៣០a។ល។ ដល់បងប្អូនបណ្ដាជនជាតិនៅ ត្រាមតូវ ឆ្លងតាមរយៈនោះ លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិជាជំហានៗ។ តំបន់ដីក្រខ្សត់ពីមុនមកឥឡូវនេះកំពុងប្រែខ្លួនដោយមានផ្ទះសំបែងធំទូលាយ ស្អាតៗ ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូចូលរហូតដល់ភូមិនិគម។

កំរិតប្រជាបញ្ញាត្រូវបានលើកកម្ពស់ រាល់
ទំនៀមទម្លាប់អន់ថយត្រូវបានលុបបំបាត់បន្តិចម្ដងៗ បងប្អូនជនជាតិបានចេះផ្តោតលើការបង្កបង្កើនផលដើម្បីរួមសប្បាយរីករាយជាមួយគ្នានាពេលទិវាចូលឆ្នាំថ្មី និទាឃរដូវមកដល់ម្តងៗ។
កម្មករផ្នែកអគ្គិសនីស្រុក ត្រាមតូវ ពិនិត្យស្ថានីយ៍បម្លែងតង់ស្យុងអគ្គិសនីលេខ ៣៥A
ស្ថិតនៅឃុំ ហាតលឺវ ដើម្បីទទួលអំណរនិទាឃរដូវថ្មី
 
អញ្ជើញមកទស្សនាឃុំ ហាតលឺវ កន្លែងធ្លាប់រងផលវិបាក ដ៏ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ជាប្រវត្តិសាស្រ្តនាឆ្នាំ ២០១៧ ស្លាកស្នាមទាំងឡាយនៃគ្រោះធម្មជាតិនោះនៅស្ថិតស្ថេរនៅឡើយ ប៉ុន្តែនៅលើរង្វង់មុខរបស់បងប្អូនជនជាតិ ថៃ គឺតែងដក់ជាប់នូវស្នាមញញឹម។ ចូលឆ្នាំថ្មីជិតចូលមកដល់ពួកគាត់កំពុងនាំគ្នារៀបចំផ្ទះសំបែង បង្ហើយនូវការសាងសង់ផ្ទះខ្ពស់ផុតពីដីដ៏រឹងមាំ ធំទូលាយដោយបេតុងជំនួសអោយផ្ទះទាំងប៉ុន្មានដែលត្រូវទឹកជំនន់កួចទៅ។

បង ឡវ៉ាន់ហន នៅភូមិ ហាត លេខ ២ សោមនស្សរីករាយអោយដឹងថា៖ ដោយបានមាមីងបងប្អូនក្នុងឃុំ ជួយ​សង់ផ្ទះថ្មីឡើងវិញ គ្រួសារគាត់លែងព្រួយបារម្ភពីគ្រោះទឹកជំនន់ នឹងខិតខំបង្កបង្កើនផលយ៉ាងសកម្មដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ 
ធ្វើផ្លូវបេតុងរហូតទៅដល់ភូមិនិគមនៅឃុំ សាហូ ស្រុក ត្រាមតូវ

ខំប្រឹងប្រែងជម្នះរាល់ក្តីលំបាកលំបិន រួមដៃគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅឃុំ ហាតលឺវ មានស្ថិរភាពបន្តិចម្តងៗ។ បច្ចុប្បន្ន ហាតលឺវ ជាឃុំតែមួយគត់របស់ស្រុក ត្រាមតូវ សម្រេចបាន ១៩/១៩ លក្ខណៈវិនិច្ឆ័យជនបទថ្មី ប្រាក់ចំណូលជាមធ្យម របស់មនុស្សម្នាក់សម្រេចបានជាង ២៥ លានដុងក្នុងមួយឆ្នាំ។ ក៏ត្រូវរងផលប៉ះពាល់នៃគ្រោះទឹកជំនន់ដែរ ប៉ុន្តែបន្ទាប់ពីជម្នះនូវផលវិបាកនៃគ្រោះធម្មជាតិ បងប្អូនជនជាតិនៅឃុំ សាហូ បានរួសរាន់ស្តារផលិតកម្មឡើងវិញ។ អាស្រ័យដោយហ៊ានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ មកទល់ពេលនេះទូទាំងឃុំមានចម្ការហ័រថនជាង ៣០០ ហិកតាបានផ្តល់ផល។
រដូវប្រមូលផលពោតនៅស្រុក ត្រាមតូវ

អាស្រ័យដោយដាំដើមហ័រថន គ្រួសារប្រជាជនជាច្រើនគ្រួនៅភូមិ ស៊ូយយ៉ាវ បានរួចផុតពីភាពក្រីក្រនិងក្លាយជាអ្នកមាន។ យោងតាមលោក ង្វៀនវ៉ាន់ហ្វែ ប្រធានគណៈកម្មាធិការប្រជាជនឃុំ សាហូ ក្រៅពីការផ្លាស់ប្តូរមកដាំប្រភេទដំណាំផ្សេងៗ ដូចជា ហ័រថន ត្រាវ ទំពាំងឫស្សីព្រេច។ល។ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ឃុំកំពុងដំណើរការសាកល្បងដាំដើមយិនស៊ិនហ្វាងស៊ីនកូនិងពូជដើមព្រូនឆាប់ទុំ សឺនឡា ជំហានដំបូងផ្តល់លទ្ធផល គួរអោយពេញចិត្ត។ ជាមួយនឹងការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ការរួមដៃគ្នារបស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ ត្រាមតូវបានកែលម្អឡើងគួរឱ្យកត់សម្គាល់។
អាស្រ័យដោយសេដ្ឋកិច្ចរីកចម្រើន ផ្ទះសង់ខ្ពស់ផុតពីដីជាច្រើនខ្នងត្រូវបានសាងសង់ថ្មី ទទួលអំណរចូលឆ្នាំថ្មី ឆ្នាំជូតទោស័ក ២០២០ នៅស្រុក ត្រាមតូវ

មកទល់ពេលនេះ ឃុំចំនួន ១០០% មានស្ថានីយសុខាភិបាល ប្រជាជនចំនួន ១០០% បានប្រើប្រាស់អគ្គិសនី និងទឹកស្អាតស្របអនាម័យ ប្រជាជនជាង ៩៩% បានចូលរួមធានារ៉ាប់រងសុខភាពអត្រាគ្រួសារក្រីក្រមានការថយចុះជាង ១០% ក្នុងមួយឆ្នាំៗ។ល។ ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅ ត្រាមតូវ កំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
កំណាត់ផ្លូវនៃនិទាឃរដូវនៅស្រុក ត្រាមតូវ

ពាំនាំចូលឆ្នាំថ្មីមកដល់គ្រប់គេហដ្ឋាន
ចូលឆ្នាំថ្មីជិតចូលមកដល់ ដើម្បីអោយបងប្អូនបណ្ដាជនជាតិទទូលបានយ៉ាងពេញលេញនូវបរិយាកាសសម្បូរសប្បាយសុភមង្គល អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុក ត្រាមតូវ បានដាក់អោយដំណើរការបណ្ដាគោលនយោបាយដ៏ជាក់ស្តែង។ យោងតាមលោក ត្រឹនង៉ុកលន់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រាមតូវ តាំងពីដើមខែវិច្ឆិកាឆ្នាំ ២០១៩ ស្រុកបានដឹកនាំចង្អុលបង្ហាញនិងណែនាំអោយការិយាល័យការងារ យោធិនពិការនិងសង្គមកិច្ចសហការជាមួយគណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីរួមស្រុក ពិនិត្យមើលឡើងវិញនូវចំនួនក្រុម គ្រួសារក្រីក្រ ក្រុមគ្រួសារមានជីវភាពលំបាកលំបិនដើម្បីជួយឧបត្ថម្ភទាន់ ពេលវេលា។
ចាត់តាំងការទទួលនិងប្រគល់ជូន អំណោយរបស់សមូហភាពបុគ្គលទាំងឡាយដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារត្រូវរងផលប៉ះពាល់នៃទឹកជំនន់ អ្នកដែលមានជីវភាពលំបាកលំបិន មានគុណបំណាច់នឹងបដិវត្តន៍។ល។
ក្រុមគ្រួសារបង ឡវ៉ាន់ហាយ នៅឃុំ ហាតលឺវ ស្រុក ត្រាមតូវ ចាប់ជ្រូកត្រៀមរៀបចំអោយបុណ្យចូលឆ្នាំថ្មី ២០២០
កូនក្មួយនៃបងប្អូនបណ្តាជនជាតិ ម៉ុង ថៃ។ល។ នៅស្រុក ត្រាមតូវបច្ចុប្បន្នបានសិក្សារៀនសូត្រក្នុងបរិយាកាសអប់រំសុវត្ថិភាពវិជ្ជមានល្អនិងស្និទ្ធស្នាល
វេជ្ជបណ្ឌិត នាយករងនៃមជ្ឈមណ្ឌលសុខភាពស្រុក ត្រាមតូវ កំពុងពិនិត្យអេកូពោះ ជូនមាមីងបងប្អូនជនជាតិ ម៉ុង នៅភូមិ គូវ៉ាយ ឃុំ សាហូ

ជាពិសេស ត្រាមតូវ បានអនុវត្តការងារសាងសង់ផ្ទះ ជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានជីវភាពលំបាកលំបិនអំពីលំនៅដ្ឋានតាមសេចក្តីសម្រេចចិត្តលេខ 33/2015/QĐ-TT g ចុះថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានគ្រួសារក្រីក្រ ចំនួន ៧៤ គ្រួបានទទួលទិវាចូលឆ្នាំថ្មីនៅក្នុងផ្ទះថ្មីដ៏កក់ក្តៅធំទូលាយ។
ដកសំណាបស្ទូងស្រូវរដូវសម្រក - ប្រាំងនៅស្រុក ត្រាមតូវ
កម្មាភិបាលស្ថានីយជំរុញកសិកម្មស្រុក ត្រាមតូវ ណែនាំបងប្អូនជនជាតិ ម៉ុងដាំទំពាំងឫស្សីព្រេចនៅជម្រាលភ្នំមានចំណោតខ្ពស់។ នេះជាប្រភេទដំណាំដាំ​ ១ ដងទាញយកផលអស់មួយជីវិត ផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់
អនុប្រធានការិយាល័យគណៈកម្មការជនជាតិស្រុក ត្រាមតូវ - បង ឡូវគី អញ្ជើញចុះទៅកាន់ភូមិចលនាបងប្អូនជនជាតិលុបបំបាត់ចោលទំនៀមទម្លាប់អន់ថយដូចជាការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ អាពាហ៍ពិពាហ៍ជាប់សាច់សាលោហិត ការទារចំណងដៃរៀបការខ្ពស់...

ជាមួយនឹងបណ្ដាគោលនយោបាយជាក់ស្តែងដ៏ចាំបាច់និងសមស្របអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុក ត្រាមតូវ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បងប្អូនបណ្ដាជនជាតិនៅលើភូមិសាស្ត្រ។ នេះជាការលើកទឹកចិត្តដ៏ធំ ជួយបងប្អូនជនជាតិបន្តនូវភាពស្វាហាប់ធ្វើពលកម្ម បង្កបង្កើនផលសាមគ្គី រួមដៃគ្នាកសាងជនបទថ្មីដើម្បីអោយរាល់ពេលដែលឱកាសបុណ្យចូលឆ្នាំថ្មីនិទាឃរដូវមកដល់ម្តងៗ ពួកគាត់នឹងបានស្លៀក ពាក់នូវឈុតសំលៀកបំពាក់ដ៏ស្អាតបំផុត រួមគ្នារាំច្រៀងនិងសប្បាយរីករាយជាមួយពែងស្រាដ៏ឈ្ងុយប្រហើរ៕
អត្ថបទនិងរូបថត៖ អាញ់ដាវ - ហ្វាងហា - ថាញ់មៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ