Chủ nhật, 29/03/2020, 1:40 GMT+7
ថែទាំសុខភាពជូនប្រជាជននៅតំបន់ខ្ពស់
09:34, 06/02/2020
ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពពិនិត្យនិងព្យាបាលជំងឺនៅតាមបណ្ដាមន្ទីរពេទ្យថ្នាក់ខេត្ត ទន្ទឹមនឹងនោះជួយប្រជាជននិយាយរួម បងប្អូនជនជាតិភាគតិចនិយាយដោយឡែកទទួលបានសេវាកម្មពិនិត្យនិងព្យាបាលជំងឺគុណភាពខ្ពស់ ក្រសួងសុខាភិបាលបានកសាងគម្រោង មន្ទីរពេទ្យរណបដំណាក់កាលឆ្នាំ ២០១៣ - ២០២០។
លទ្ធផលគួរឱ្យកត់សម្គាល់
ដើម្បីអោយការងារថែទាំសុខភាពកាន់តែកៀកជិតនឹងបងប្អូនជនជាតិជាងទៀត ខេត្ត ឡាវកាយ បានដំណើរការគម្រោងមន្ទីរពេទ្យរណបចំនួន ៤ គឺ៖ មន្ទីរពេទ្យពហុព្យាបាលខេត្ត ឡាវកាយ (ជាពេទ្យរណបនៃមន្ទីរពេទ្យ បាច់ម៉ាយ និងមន្ទីរពេទ្យ វៀតឌឹក) មន្ទីរពេទ្យសម្ភពនិងកុមារ (ជាពេទ្យរណបនៃមន្ទីរពេទ្យសម្ភពមជ្ឈិមនិងមន្ទីរពេទ្យកុមារមជ្ឈិម) មន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង (ជាពេទ្យរណបនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហាណូយ) និងមន្ទីរពេទ្យពហុព្យាបាលស្រុក សាប៉ា (ជាពេទ្យរណបនៃមន្ទីរពេទ្យ បាច់ម៉ាយ)។ 
មន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង (ឡាវកាយ) ជាមន្ទីរពេទ្យរណបថ្នាក់ស្រុកដំបូងបង្អស់ក្នុងទូទាំងប្រទេសរបស់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្រ្ត ហាណូយ។ ក្នុងរូបថត៖ ទិដ្ឋភាពរួមនៃមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង

យោងតាមលោកវេជ្ជបណ្ឌិត ប្រជាជន ណុងទៀនគឿង នាយកមន្ទីរសុខាភិបាលខេត្ត ឡាវកាយ មន្ទីរពេទ្យ រណបគឺជាឱកាសសម្រាប់អោយបណ្ដាមន្ទីរពេទ្យរបស់ ឡាវកាយ អភិវឌ្ឍខាងសេវាកម្មបច្ចេកទេសយ៉ាងឆាប់រហ័ស លើកកម្ពស់ទឹកដៃមុខជំនាញដល់កងជួរគ្រូពេទ្យនិងវេជ្ជបណ្ឌិត ជួយបងប្អូនជនជាតិមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅពិនិត្យនិងព្យាបាលជំងឺ។ អាស្រ័យហេតុនោះ អត្រានៃការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់មជ្ឈិមជារៀងរាល់ឆ្នាំថយចុះដល់ទៅ ៥០%។
វគ្គបណ្តុះបណ្តាលពីចំណេះដឹងមូលដ្ឋានក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកមួយចំនួនដែលច្រើនតែជួបប្រទះនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត ឡាវកាយ ក្រោមអធិបតេយ្យភាពនៃមន្ទីរពេទ្យ K មជ្ឈិម

បន្ទាប់ពី ៦ ឆ្នាំដំណើរការគម្រោងមន្ទីរពេទ្យរណប មកទល់ពេលនេះ មន្ទីរពេទ្យពហុព្យាបាលខេត្ត ឡាវកាយ បានក្លាយទៅជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យថ្នាក់ខេត្តអនុវត្តល្អរាល់បច្ចេកទេសពិបាកៗ ខាងផ្នែកវះកាត់នៅតំបន់ភ្នំនៃភូមិភាគខាងជើង។ 

ជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់វេជ្ជបណ្ឌិតទាំងឡាយនៃមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហា ណូយ កងជួរគ្រូពេទ្យវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យពហុព្យាបាល ស្រុក មឿងឃឿង រ៉ាប់រងបាននូវវិធីសាស្ត្រព្យាបាលដោយបច្ចេកទេសខ្ពស់ជាច្រើនដូចជា៖ វះកាត់សន្លាក់ឆ្អឹង ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺបេះដូងពីកំណើតមួយចំនួន...។ 
វេជ្ជបណ្ឌិតទាំងឡាយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហាណូយ ពិនិត្យ ព្យាបាលជំងឺនិងផ្ទេរបច្ចេកវិទ្យាម៉ាស៊ីនជំនួយការដកដង្ហើមនៅមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង (ខេត្ត ឡាវកាយ)

បងស្រី យ៉ាងធីក្វា ជាជនជាតិ ម៉ុង នៅឃុំ ណឹមលឺ ស្រុក មឿងឃឿង បច្ចុប្បន្នកំពុងព្យាបាលជំងឺខាងប្រព័ន្ធរំលាយអាហារនៅមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង ចែករំលែកថា៖ "ខ្ញុំពិតជារីករាយណាស់! ចាប់ពីពេលមន្ទីរពេទ្យស្រុក មានម៉ាស៊ីនទំនើបនិងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យថ្នាក់មជ្ឈិមមកពិនិត្យជំងឺ ខ្ញុំនិងអ្នករាល់គ្នាក្នុងឃុំលែងឆ្លងព្រំដែនទៅព្យាបាលជំងឺដូចមុនៗ ទៀតហើយ"។
ការពិនិត្យនិងព្យាបាលជំងឺអោយកុមារជនជាតិ ម៉ុង នៅមន្ទីរពេទ្យពហុព្យាបាលស្រុក មឿងឃឿង (ខេត្ត ឡាវកាយ)

ជាខេត្តមួយដែលមានភាពងាយស្រួលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម បច្ចុប្បន្នខេត្ត ថាយង្វៀន មានមន្ទីរពេទ្យរណបចំនួន ៣ គឺ៖ មន្ទីរពេទ្យ A (ជាពេទ្យរណបនៃមន្ទីរពេទ្យសម្ភពមជ្ឈិមនិងមន្ទីរពេទ្យកុមារមជ្ឈិម) មន្ទីរពេទ្យ  C (ជាពេទ្យរណបនៃមន្ទីរពេទ្យបេះដូង ហាណូយ) មន្ទីរពេទ្យ ហ្កាងថែប (ជាពេទ្យរណបនៃមន្ទីរពេទ្យផ្នែកក្រពេញអង់ដូគ្រីនមជ្ឈិម មន្ទីរពេទ្យជំងឺត្រូពិកនិងមន្ទីរពេទ្យ បាច់ម៉ាយ)។ 

ធ្លាប់ជាមន្ទីរពេទ្យដែលមានអត្រាខ្ពស់ក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់លើ មន្ទីរពេទ្យ A ថាយង្វៀន បច្ចុប្បន្ននេះអាចអនុវត្តករណីពិបាកនៃឯកទេសផ្នែកសម្ភព - កុមារ ជារៀងរាល់ថ្ងៃទទួលអ្នកជំងឺជាច្រើនមកពីបណ្តាខេត្ត កាវបាំង បាក់កាន បាក់យ៉ាង ទ្វៀនក្វាង...។
ក្នុងតួនាទីជាមន្ទីរពេទ្យរណបនៃមន្ទីរពេទ្យសម្ភពនិងមន្ទីរពេទ្យកុមារមជ្ឈិមមន្ទីរពេទ្យ A ថាយង្វៀន កំពុងបន្តអភិវឌ្ឍបច្ចេកទេសផ្សេងៗ នៃផ្នែកឯកទេសសម្ភព កុមារ

 នេះគឺជាមន្ទីរពេទ្យមួយក្នុងចំណោមចំនួនមន្ទីរពេទ្យដ៏តិចតួចនៅភូមិភាគខាងជើងដែលទទួលនិងអនុវត្តដោយជោគជ័យនូវបច្ចេកវិទ្យាពីការបង្កកំណើតសិប្បនិម្មិតដោយមាន ៤០០ ទារកបានកើតចេញដោយវិធីសាស្ត្រនេះ។

លោកវេជ្ជបណ្ឌិត ហាហាយបាំង នាយករងមន្ទីរពេទ្យ A ថាយង្វៀន បានចែករំលែកដោយមោទនភាព ថា៖ "បន្ទាប់ពីប្រមូលផ្ដុំអភិវឌ្ឍស៊ីជម្រៅទៅលើឯកទេសផ្នែកសម្ភព - កុមារតាមគម្រោង បច្ចុប្បន្នមន្ទីរពេទ្យអាចព្យាបាលបានគ្រប់ករណីជំងឺធ្ងន់ ចិញ្ចឹមដោយជោគជ័យទារកទាំងឡាយដែលកើតមិនគ្រប់ខែមានទម្ងន់ត្រឹមតែ ៧០០ ក្រាម"។
ប្រសិទ្ធភាពនៃមន្ទីរពេទ្យរណបជួយឱ្យអ្នកជំងឺទទួលបានសេវាកម្មបច្ចេកវិទ្យាខ្ពស់នៅនឹងស្រុកកំណើតរបស់ខ្លួនតែម្ដងដោយមិនចាំបាច់បញ្ជូនទៅកាន់មន្ទីរពេទ្យថ្នាក់លើ ជួយកាត់បន្ថយនូវការលំបាកហើយសន្សំសំចៃប្រាក់ចំណាយជូនអ្នកជំងឺ។ ក្នុងរូបថត៖ ការវះអង់ដូស្កុបបំបែកក្រួសតម្រងនោមនៅមន្ទីរពេទ្យពហុព្យាបាល ថាយង្វៀន

យុទ្ធសាស្រ្តបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល
សំដៅធានាផ្គត់ផ្គង់ ៩០% ធនធានមនុស្សអោយមន្ទីរពេទ្យនៅបណ្តាខេត្តនៃតំបន់ទំនាបកណ្តាលនិងតំបន់ភ្នំនៃភូមិភាគខាងជើងជាច្រើនឆ្នាំកន្លងទៅខេត្ត ថាយង្វៀន បានយកចិត្តទុកដាក់ជាពិសេសដល់ការងារបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល។
ខេត្ត ថាយង្វៀន ត្រូវបានគេចាត់ទុកថាជា “មជ្ឈមណ្ឌល” បណ្តុះបណ្តាលកម្មាភិបាលផ្នែកសុខាភិបាលនៃតំបន់ដោយមានសាកលវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រថាយង្វៀន និងអនុមហាវិទ្យាល័យសុខាភិបាល ថាយង្វៀន

រាល់គោលនយោបាយត្រូវបានខេត្តដាក់អោយដំណើរការព្រមៗ គ្នាហើយសមស្របដូចជា៖ បង្កើនសន្ទស្សន៍អោយសាលាវេជ្ជសាស្រ្ត ឱសថសាស្ត្រនានា វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ បើកបន្ថែមច្រើនលេខកូដនៃផ្នែកបណ្តុះបណ្តាល កាត់បន្ថយថ្លៃសិក្សា ផ្តល់ប្រាក់ខែដល់និស្សិតផ្នែកវេជ្ជសាស្ត្រជាពិសេសគឺនិស្សិតជនជាតិ ភាគតិច។ ខេត្ត ថាយង្វៀន កំពុងដើរតួនាទីជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្មាភិបាលផ្នែកសុខាភិបាលនៃតំបន់ដោយមានសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត ថាយង្វៀន និងអនុមហាវិទ្យាល័យសុខាភិបាល ថាយង្វៀន។
មន្ទីរពេទ្យ ហ្កាងថែប ថាយង្វៀន គឺជាកន្លែងអនុវត្តគម្រោង ១៨១៦ របស់មន្ទីរពេទ្យថ្នាក់មជ្ឈិមជាច្រើនដូចជា៖ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ មន្ទីរពេទ្យ វៀតឌឹក មន្ទីរពេទ្យលោហិតសាស្រ្តនិងបញ្ចូលឈាមមជ្ឈិម...។ នេះគឺជាលក្ខខណ្ឌងាយស្រួលក្នុងការងារបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់អោយមន្ទីរពេទ្យ

ទន្ទឹមនឹងនោះ ខេត្ត ថាយង្វៀន ក៏យកចិត្តទុកដាក់ជាពិសេសដល់ការងារបណ្តុះបណ្តាលនៅនឹងកន្លែងដល់កម្មាភិបាលសុខាភិបាលស្រុកនិងឃុំ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល កម្មាភិបាលសុខាភិបាលទាំងនោះអាចរ៉ាប់រងបាននូវការអនុវត្តបច្ចេកទេសមូលដ្ឋានទាំងឡាយដូចជា៖ ថតឆ្លុះអេកូ វាស់ចង្វាក់បេះដូង ប្រពោធនកម្មនិងសង្គ្រោះបន្ទាន់ លាងឈាម... បានរួមចំណែកមិនតិចទេក្នុងការថែទាំសុខភាពបងប្អូនជនជាតិនៅបណ្ដាឃុំឆ្ងាយដាច់ស្រយាល។ 
បងប្អូនជនជាតិឥឡូវនេះបានជឿជាក់លើការអនុវត្តបច្ចេកវិទ្យាខ្ពស់មួយចំនួននៅបណ្ដាមន្ទីរពេទ្យថ្នាក់ខេត្ត

ផ្តើមចេញពីទិសដៅត្រឹមត្រូវមន្ទីរពេទ្យរណបទាំងនោះកំពុងក្លាយជា "ដៃតភ្ជាប់ដ៏វែង" អោយមន្ទីរពេទ្យទាំងឡាយនៅថ្នាក់មជ្ឈិម។ សំខាន់ជាងនេះទៅទៀត វាបានជួយបងប្អូនជនជាតិនៅតំបន់ខ្ពស់មានឱកាសពិនិត្យព្យាបាលជំងឺប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយប្រាក់ចំណាយក្នុងការធ្វើដំណើរទៅមក រួមចំណែកក្នុងការធានាសុខុមាលភាពសង្គម៕
អត្ថបទ៖ អាញ់ដាវ - រូបថត៖  ហ្វាងហា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖