Thứ 4, 19/02/2020, 19:43 GMT+7
សម្រស់និទាឃរដូវនៅតំបន់ពាណិជ្ជកម្មតាមព្រំដែន
10:21, 01/01/2020
ហាយ៉ាង គឺជាខេត្តស្ថិតនៅភាគខាងជើងនៃប្រទេស វៀត ណាម រួមមានជនជាតិជាបងប្អូនចំនួន ១៩ ក្រុម​ មានខ្សែបន្ទាត់ព្រំដែនប្រវែង ២៧៧ គីឡូម៉ែត្រ នៅជាប់ព្រំប្រទល់ជាមួយខេត្ត យូណាន និងតំបន់ស្វយ័តជនជាតិ ជ័ង ខេត្ត ក្វាងស៊ី (ប្រទេស ចិន)។ 
ក្រៅពីគូច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ - ធៀនបាវ បណ្ដោយ​តាមខ្សែបន្ទាត់ព្រំដែននៅមានបណ្ដាគូច្រកទ្វារព្រំដែន ផបាង-ដុងកាន ស៊ីនម៉ឹន-ដូឡុង និង សាំពុន - ដៀន​បុង ដោយ មានសក្តានុភាពយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ព្រំដែន...។ 

និទាឃរដូវមកដល់តំបន់ព្រំប្រទល់ ហាយ៉ាង។ រូបថត៖ កុងហ្វាន

"ចំណុចភ្លឺ" ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
មកដល់ច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ នាអំឡុងថ្ងៃចុងឆ្នាំ ពេលដែលខ្យល់ត្រជាក់រដូវរងាក៏មិនអាចរារាំងដំណើរផ្កាម៉ាក់ខៃនៅសងខាងដងផ្លូវចេញក្រពុំដ៏ស្រស់ប្រិមប្រិយបាន យើងខ្ញុំឃើញ  រថយន្តដឹក​ទំនិញនៅ​ពពាក់ពពូនចតរង់ចាំនៅទីលានត្រួតពិនិត្យទំនិញ  ដើម្បីធ្វើបែបបទបញ្ចេញទំនិញពីគយ។ 

ទទួលជួបយើងខ្ញុំនៅច្រកទ្វារព្រំដែនលោក លឿងទ្រុងកៀន អនុប្រធានសាខានាយកដ្ឋានទទួលបន្ទុកសាខានាយកដ្ឋានគយច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ រីករាយនិយាយថា  "មួយថ្ងៃៗ ច្រកទ្វារព្រំដែនមានមនុស្សជិត ១.០០០ នាក់  ជាប្រជានិកររស់នៅសងខាង​ព្រំដែននិងរថយន្តដឹកទំនិញប្រហែល​ពី ៥០ ដល់ ៧០ ជើង​ឆ្លងទៅឆ្លងមក។ ឆ្នាំនេះ យើងខ្ញុំប្រមូលពន្ធសម្រេចបាន ១៨០ ពាន់លានដុង តួលេខនាំចេញនិងនាំចូលសម្រេចបានជាង ៣០០ លានដុល្លារអាមេរិក។ ទំនិញឆ្លងទៅមកតាមច្រកទ្វារព្រំដែនគឺកសិផលដូចជា៖ ដូង ស្វាយ ស្រកានាគ ចេក ដំឡូងមី ទំនិញនាំចូលគឺគ្រឿងបន្លាស់​រថយន្ត គ្រឿងម៉ាស៊ីននិង​ឧបករណ៍សម្រាប់​គម្រោងវារីអគ្គិសនីខ្នាតតូច...។ 
"កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែនផ្សារភ្ជាប់ទៅនឹងការធានាសន្ដិសុខការពារជាតិនៅហាយ៉ាងគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីស្នូល ទាំងនៃសេចក្តី​សម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី១៦អាណត្តិ ២០១៥-២០២០បានលើកឡើង។រយៈកាលកន្លងទៅខេត្តហាយ៉ាងបានបណ្ដាក់ទុនរាប់ទ្រីលានដុងដើម្បីកសាងជាង២០០សំណង់និងប្រភេទសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​សម្រាប់​ច្រកទ្វារព្រំដែនទាំងឡាយ..." -លោកង្វៀនខាក់គ្វៀននាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត   ហាយ៉ាង។ រូបថត៖ អានថាញ់ដាត

សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្ម ច្រកទ្វារ​ព្រំដែនអន្តរជាតិ ថាញ់ ធុយ ត្រូវបានធ្វើកំណែទម្រង់បែបបទរដ្ឋបាល អោយអាជីវកម្មទាំងឡាយ​ដែលចូលរួម​សកម្ម ភាពនាំចេញនិងនាំចូលដំណើរការដាក់លិខិតប្រកាសបង់ពន្ធដោយប្រព័ន្ធអេឡិចត្រូនិកតាមរយៈធនាគារពាណិជ្ជកម្មនានា សហការក្នុងការបញ្ចេញទំនិញពីគយនិងលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាព​ទំនាក់​ទំនង​ដៃគូគយ - សហគ្រាស..."។

ក្រៅពីច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ បណ្តាច្រកទ្វារព្រំដែន  របៀងបន្ទាប់បន្សំដូច ជា៖ ផបាង ស៊ីន​ម៉ឹន សាំពុន ក៏ត្រូវបានដាក់អោយដំណើរការផង​ដែរ នាំមកនូវប្រភព​ចំណូលអោយ​ថវិកានៅ​មូលដ្ឋាន​មួយ​ឆ្នាំៗ រាប់សិបពាន់លាន​ដុង។ ម៉្យាងទៀត ផ្សារណាត់ព្រំដែន​ជិត ៣០ កន្លែងនិងច្រក​ព្រំដែនប្រជាជន​ចំនួន ១១ ខ្សែនៅលើភូមិសាស្ត្រខេត្តតែងតែរក្សាបានសកម្មភាពផ្តោះប្តូរទំនិញជារឿយៗ បង្កើនបន្ថែមចំណូលនិងបំពេញតម្រូវការប្រជុំជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិនៅសងខាងព្រំដែន។
កម្មាភិបាលគយនៃច្រកទ្វារព្រំដែនអន្ដរជាតិ ថាញ់ធុយ តាមដានពិនិត្យមើលទំនិញនាំចូលនិងនាំចេញ ដោយប្រព័ន្ធអេឡិចត្រូនិក។ រូបថត៖ អានថាញ់ដាត

ជាតួយ៉ាងដូចជាផ្សារ លុងឡាន ឃុំ សឺនវី ស្រុក ម៉ែវវ៉ាក (ក្បែរច្រកព្រំដែនប្រជាជន លុងឡាន - ឡុងប៊ិញ តម្រុយព្រំដែន ៥០៤ ជាប់ព្រំប្រទល់ ហឿងបាច់ទិញ ស្រុក ណាប៉ូ ខេត្ត ក្វាងស៊ី ប្រទេស ចិន) ផ្សារណាត់ប្រជុំមួយពេលៗ ជាមធ្យមមាន ២០ តូបលក់ទំនិញនៃប្រទេសជាមិត្តឆ្លងមកផ្តោះប្តូរពាណិជ្ជកម្ម តម្លៃទំនិញផ្តោះប្តូរសម្រេចបានប្រមាណជា ១០០ លានដុង។ ក្រៅអំពីការលក់រាយនូវគ្រឿងប្រើប្រាស់ចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សាប៊ូ នំចំណី ស្ករគ្រាប់។ល។ សម្រាប់បងប្អូនជនជាតិមកទិញដូរនៅនឹងផ្សារ ឈ្មួញទាំងឡាយនៅទីនេះនៅថែមទាំងផ្គត់ផ្គង់ដោយបរិមាណដ៏ធំនូវកសិផល ផលិតផលពិសេសប្រចាំតំបន់ព្រំប្រទល់... អោយផ្សារនានាក្នុងស្រុកនិងប្រជាជននៅប្រទេសជាមិត្ត។ 
សកម្មភាព សេដ្ឋកិច្ចតំបន់ពាណិជ្ជកម្មតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅតំបន់ព្រំដែន រួមចំណែកបង្កការងារធ្វើសម្រាប់បងប្អូនជនជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជាមិត្តជិតខាងនិងរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។
ជារៀងរាល់ថ្ងៃ ច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ មានមនុស្សជិត ១.០០០ នាក់ជាប្រជានិករនៅសងខាង​ព្រំដែននិងរថយន្តដឹកទំនិញប្រហែលជា ៥០ ដល់ ៧០ ជើងឆ្លងទៅឆ្លងមក។ រូបថត៖ អានថាញ់ដាត
កម្មាភិបាលគយច្រកទ្វារព្រំដែនអន្ដរជាតិ ថាញ់ធុយ ធ្វើបែបបទបញ្ចេញទំនិញនាំចេញនិងនាំចូលពីគយ។ រូបថត៖ អានថាញ់ដាត
កម្មាភិបាលគយច្រកទ្វារព្រំដែន ផបាង (ស្រុក ដុងវ៉ាន់) ធ្វើបែបបទអោយទំនិញនាំចេញនិងនាំចូល។  រូបថត៖ អានថាញ់ដាត

ក្តីសប្បាយនៅតំបន់ពាណិជ្ជកម្មតាមព្រំដែន
បច្ចុប្បន្ននេះ ខេត្ត ហាយ៉ាង ត្រូវបានចាត់ទុកជាមូលដ្ឋាន​មាន​លក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន។ ឆ្នាំ ២០១៥ តួលេខតម្លៃនាំចេញនិងនាំចូលសរុបរបស់ខេត្តសម្រេចបានប្រមាណជា ១៨០ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៨ គឺ ៣៥០ លានដុល្លារអាមេរិក ដោយ​ឡែកតែឆ្នាំ ២០១៧ ហក់ឡើងខ្លាំងសម្រេចបានដល់ទៅ ៣ ពាន់លានដុល្លារអាមេរិក។ ដើម្បីទទួលបានលទ្ធផល​ដូចខាងលើលោក ង្វៀនខាក់គ្វៀន នាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជ កម្មខេត្ត ហាយ៉ាង បានអោយ​ដឹង​ថា៖ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែនផ្សារភ្ជាប់ទៅនឹងការធានាសន្តិសុខការពារជាតិនៅខេត្ត ហាយ៉ាង គឺជាកម្មវិធីស្នូលមួយក្នុងចំណោមកម្មវិធីស្នូលទាំង ៥ នៃសេចក្តីសម្រេចចិត្តមហាសន្និបាត​បក្ខភាគ​ខេត្តលើកទី ១៦ អាណត្តិ ២០១៥ - ២០២០ បានលើក​ឡើង។ 
អំឡុងថ្ងៃកៀកនឹងបុណ្យចូលឆ្នាំថ្មី បណ្ដាផ្សារព្រំដែនលើភូមិសាស្ត្រនៃខេត្ត ហាយ៉ាង ផុស​ផុលអ៊ូអរឡើងប្លែកពីធម្មតា បងប្អូនជនជាតិម្នីម្នាចុះទៅផ្សារ។ រូបថត៖ អាន​ថាញ់​ដាត

រយៈកាលកន្លងមក ខេត្ត ហា​យ៉ាង បាន​បណ្តាក់​ទុនរាប់ទ្រីលានដុងដើម្បីកសាងជាង ២០០ សំណង់និងប្រភេទសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​សម្រាប់ច្រកទ្វារព្រំដែន​ទាំង​ឡាយ ជាក់ស្តែងដូចជា៖  ស្ថានីយ៍ត្រួតពិនិត្យ​អន្តរ​ក្រសួង ទីលាន​ត្រួត​ពិនិត្យទំនិញ ផ្លូវទំនប់  ព្រំដែន​... នៃច្រកទ្វារព្រំដែនអន្តរជាតិ ថាញ់ធុយ។ ទន្ទឹមនឹងនោះ  ប្រភេទ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅតាមច្រករបៀងបន្ទាប់បន្សំទាំង ៣ គឺ ស៊ីនម៉ឹន (ស្រុក ស៊ីន​ម៉ឹន) ផបាង (ស្រុក ដុងវ៉ាន់) សាំពុន (ស្រុក ម៉ែវវ៉ាក) និងច្រកព្រំដែនប្រជាជនទាំងឡាយនៅតំបន់  ព្រំដែន​ក៏បានសម្រេចជាស្ថាពរនូវប្រព័ន្ធផ្លូវគមនាគមន៍ បណ្តាញអគ្គីសនី ផ្សារលក់ដូរ ឆាយរំគាយដីតំបន់ប្រជានិករអោយរាបស្មើ។ល។ 
ផ្សារព្រំដែនជិត ៣០ កន្លែងនៅលើភូមិសាស្ត្រខេត្ត ហាយ៉ាង  បន្តរក្សាសកម្មភាពផ្តោះប្តូរទំនិញជារឿយៗ ធ្វើអោយចំណូលកើនឡើងហើយជាសារវន្តបំពេញតម្រូវការប្រជុំជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិ នៅសងខាងព្រំដែន។ រូបថត៖ កុងហ្វាន

ខេត្ត ហាយ៉ាង ក៏បានធ្វើកំណែទម្រង់ថ្មីរាល់បែបបទរដ្ឋបាលងាយស្រួលផងហើយបើកបន្ធូរ ផង ដំណើរការព្រម​​​ៗ គ្នា សហការស្អិតល្មួតរវាងកងកម្លាំងសមត្ថកិច្ចទាំងឡាយដូចជា៖ គយ កងទ័ពការពារព្រំដែន  ភ្នាក់ ងារ​គ្រប់គ្រងទីផ្សារ... នៅច្រកទ្វារព្រំដែន។ ក្រៅ​ពីនេះ ខេត្តនៅថែម​ទាំងយ៉ាងខ្ជាប់ខ្ជួន​ការបំពេញសកម្មភាព​កិច្ចការបរទេសជាមួយបណ្តាមូលដ្ឋានចំណុះខេត្តទាំងពីរ៖ យូណាន និង ក្វាងស៊ី ស្រុក ព្រំដែនទាំង ៧ តែង​តែចាត់តាំងកិច្ចជួបពិភាក្សា ផ្តោះប្តូរវប្បធម៌ សហការដើរល្បាតជារឿយៗ... សំដៅជម្រុញខ្លាំងការ​អភិវឌ្ឍ​សេដ្ឋកិច្ច - សង្គមនៅតាមបណ្តាឃុំតំបន់ព្រំប្រទល់ ពង្រឹងសក្តានុភាព ប្រៀបខ្លាំងក្នុង​ផលិតកម្មចិញ្ចឹម​សត្វទៅ​តាមតំបន់នីមួយៗ។
ផ្សារ លុងឡាន ឃុំ សឺនវី ស្រុក ម៉ែវវ៉ាក ប្រជុំផ្សារមួយពេល ជាមធ្យមតូបលក់ទំនិញចំនួន ២០ នៃប្រទេសជាមិត្តឆ្លងមកផ្តោះប្តូរពាណិជ្ជកម្មតម្លៃទំនិញ ផ្តោះប្តូរសម្រេចបាន​ប្រហែល ១០០ លានដុង។ រូបថត៖ អានថាញ់ដាត
ផ្សារណាត់ លុងឡាន ឃុំ សឺនវី ស្រុក ម៉ែវវ៉ាក លក់រាយគ្រឿងប្រើប្រាស់ចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ​សម្រាប់បងប្អូនជនជាតិ។ រូបថត៖ អានថាញ់ដាត

ដោយកំណត់បានតួនាទីសំខាន់នៃសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន ហាយ៉ាង បានដាក់ចេញនូវគោល​នយោបាយទាំងឡាយដូចជា៖ ជម្រុញខ្លាំងការងារកំណែទម្រង់រដ្ឋបាល បែបបទគយ  បង្កើនការត្រួតពិនិត្យ​ប្រឆាំងនឹង​ការរត់​ពន្ធទំនិញ​ក្លែងក្លាយ​ ឧក្រិដ្ឋកម្ម​ទាក់ទងគ្រឿង ញៀន បង្កើនការរាយនាម​មុខទំនិញក្នុង​បញ្ជី ចំនួននៃបណ្តាមុខទំនិញនាំចេញឆ្លងតាមច្រកទ្វារព្រំដែននានា បណ្តាក់ទុនលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន កែលម្អ ធ្វើឱ្យល្អប្រសើរឡើងនិងពង្រីកទ្រង់ទ្រាយបណ្តាញផ្សារទាំង ឡាយនៅតំបន់ជាប់ព្រំដែនព្រំប្រទល់ដែលបច្ចុប្បន្នកំពុងតែត្រូវទ្រុឌទ្រោមហើយអាទិភាពលើការកសាង ធ្វើអោយល្អប្រសើរឡើង កែលម្អខ្សែផ្លូវគមនាគមន៍ទាំងឡាយទៅកាន់ផ្សារព្រំដែន ផ្សារនៃច្រកទ្វារ​ព្រំដែន។ល។ ខិត​ខំ​ប្រឹងប្រែងដល់ឆ្នាំ ២០២០ នាំតម្លៃសរុបនៃទំនិញនាំចេញនិងនាំចូលឆ្លងតាមច្រកទ្វារព្រំដែននៅលើភូមិ​សាស្រ្តខេត្ត ហាយ៉ាង សម្រេចបាន ៨៨០ លានដុល្លារអាមេរិក៕
ហ៊ឺវហាយ-មិញតឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ