Thứ 6, 23/08/2019, 13:57 GMT+7
ហាតៀន - តំបន់ដីសម្បូរទៅដោយសក្តានុភាព
08:13, 19/06/2019
ដោយមានប្រវត្តិជាង ៣០០ ឆ្នាំ ទីក្រុង ហាតៀន (ខេត្ត កៀនយ៉ាង) កន្លែងដែលមានឧត្តមភាពជាច្រើនអំពីទេសភាពធម្មជាតិ វប្បធម៌ប្រពៃណី ចំណុចតំណភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់... កំពុងខិតខំប្រឹងប្រែងឈានឡើងវិវត្តខ្លួនជាបណ្តើរៗ គួរអោយចាប់អារម្មណ៍...
ទីក្រុងក្មេងខ្ចីសម្បូរទៅដោយសក្តានុភាព
ជាង ៣០០ ឆ្នាំកកើតជាឈ្មោះដែនដី ឆ្លងកាត់មិនដឹងជាប៉ុន្មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅហើយ នៅ ខែ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗ ទីរួមខេត្ត ហាតៀន  ត្រូវបានដំឡើងទ្រង់ទ្រាយជាផ្លូវការក្លាយទៅជាទីក្រុងចំណុះខេត្ត កៀនយ៉ាង។ 
ប្រជាជនដោះដូរទំនិញ លក់ដូរជលផលនៅផ្សារត្រី ហាតៀន - លក្ខណៈពិសេសដាច់ដោយឡែកមួយនៃតំបន់សមុទ្រភាគនិរតី

មានទីតាំងស្ថិតនៅប្របនឹងឈូងសមុទ្រ ថៃ ទីក្រុង ហាតៀន ជាយូរមកហើយត្រូវបានគេប្រៀបប្រដូចទៅនឹងប្រទេស វៀតណាម បង្រួញតូចមួយអាស្រ័យដោយមានសណ្ឋានដីសម្បូរបែបរួមមាន៖ វាលទំនាប កោះ សមុទ្រ ភ្នំ ព្រំដែន។ល។ 

អ្នកនៅ ហាតៀន តែងមានមោទនភាពជាម្ចាស់កម្មសិទ្ធិនៃតំបន់ដីដ៏ល្បីឈ្មោះនេះដោយមានរមណីយដ្ឋានជាច្រើនដូចជា៖ ថាច់ដុង ដាយឹង ភ្នំ ផាវដាយ ភ្នំ ប៊ិញសាន ឆ្នេរសមុទ្រ មូយណាយ បឹង ដុងហូ។ល។
ស្ពាន តូចូវ (ទីក្រុង ហាតៀន) ភ្លឺផ្លេកក្រោមពន្លឺចង្កៀងអគ្គិសនីនាពេលរាត្រី 

ឆ្នេរសមុទ្រ ហាតៀន ស្ថិតក្នុងលំដាប់ស្រស់ស្អាតបំផុតនៅតំបន់ ណាមបូ (ភាគខាងត្បូងនៃប្រទេស វៀត ណាម) លាតសន្ធឹងប្រវែង ២៦ គីឡូម៉ែត្ររួមជាមួយនឹងកោះតូចធំរាប់សិបកន្លែង ក្នុងនោះ មានប្រជុំ កោះ ហាយតាក់ (ឃុំកោះ តៀនហាយ) ស្ថិតនៅចម្ងាយពីដែនគោក ២០ គីឡូម៉ែត្រនៅមានសម្រស់ជាលក្ខណៈធម្មជាតិដើមទាំងស្រុង បរិស្ថានដ៏បរិសុទ្ធ សែនសមស្របទៅនឹងអភិវឌ្ឍន៍អេកូទេសចរណ៍កោះសមុទ្រ។ 

ទន្ទឹមនឹងរមណីយដ្ឋាននានា ហាតៀន នៅថែមទាំងមានកេរតំណែលប្រវត្តិសាស្ត្រ - វប្បធម៌ជាច្រើនដែលជាប់ពាក់ព័ន្ធនឹងរឿងនិទាន រឿងតំណាលនានាពីសម័យកកើតដែនដី ពីដំណើរនៃការកសាងនិងការពារស្រុកកំណើតរបស់ជនជាតិទាំង ៣ គឺ៖  គិញ ចិន និង ខ្មែរ។
ជ្រុងមួយនៃទីក្រុង ហាតៀន (ខេត្ត កៀនយ៉ាង) ជាកន្លែងដែលជនជាតិទាំង ៣ ៖ គិញ ចិន ខ្មែរ បានរស់នៅតាំងពីយូរលង់មកហើយ

ទីក្រុង ហាតៀន តែងតែផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការថែរក្សានិងពង្រីកនូវរាល់តម្លៃវប្បធម៌សិល្បៈប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ហាតៀន នៅជាច្រកទ្វារនៃផ្លូវសមុទ្រទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់ដូចជា៖ កម្ពុជា ថៃ ម៉ាឡេស៊ី។ល។ មានច្រកទ្វារព្រំដែនអន្តរជាតិស្ថិតនៅជាប់នឹងប្រទេសជាមិត្ត កម្ពុជា ទាំងលើដីគោកនិងលើដែនសមុទ្រ បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែនជាមួយ  កម្ពុជា តំណភ្ជាប់ជាមួយប្រទេស ថៃ តាមរយៈផ្លូវទឹក ផ្លូវគោកតាមខ្សែផ្លូវឆ្លងកាត់អាស៊ីនិងឈូងសមុទ្រ ថៃ។

ប្រជាជននៅ ហាតៀន ពីយូរមកធ្លាប់តែជាអ្នកស្លូតបូត ទៀងត្រង់ គោរពគុណធម៌និងស្រឡាញ់រាប់អានភ្ញៀវក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅតែរក្សាបានលក្ខណៈសាមញ្ញ សុភាពរាបសា ទន់ភ្លន់។ ទាំងនេះគឺរាល់តម្លៃវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ដីនិងប្រជាជននៅ ហាតៀន ដែលជាច្រើនជំនាន់មកហើយប្រជាជននៅទីនេះតែងតែគោរព រក្សានិងពង្រីក ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
កងកម្លាំងសមត្ថកិច្ចត្រួតពិនិត្យទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិ ហាតៀន ជាទីប្រសព្វនៃការផ្តោះប្តូរពាណិជ្ជកម្ម នាំចេញនិងនាំចូលនូវរាល់ផលិតផលដែលផលិតនៅតាមខេត្ត ក្រុងនានានៅតំបន់វាលទំនាបទន្លេ គឺវឡុង


ប្រភពកម្លាំងជំរុញសេដ្ឋកិច្ចរីកចម្រើន
បន្តការពង្រីកសក្តានុភាព ឧត្តមភាពអំពីសណ្ឋានដី ទេសភាពធម្មជាតិ ទីក្រុង ហាតៀន ផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍និងសេដ្ឋកិច្ចច្រកទ្វារព្រំដែនដោយចាត់ទុកទាំងនោះគឺជាប្រភពកម្លាំងដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ហាតៀន បានអនុវត្តយ៉ាងច្នៃប្រឌិតនូវបទប្បញ្ញត្តិនៃច្បាប់ បង្កបរិយាកាសធូរស្រឡះសំដៅទាក់ទាញការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍។ 

ទីក្រុងបានចាត់តាំងតំណភ្ជាប់ព្រមៗ គ្នាត្រីកោណទេសចរណ៍ រ៉ាច់យ៉ា - ហាតៀន - ភូក្វឹក និងតំបន់ទេសចរណ៍គោលដៅទាំងឡាយនៅក្នុងនិងក្រៅខេត្ត កែលម្អគុណភាពនៃសកម្មភាពជំរុញពាណិជ្ជកម្ម - ទេសចរណ៍ធ្វើពិពិធកម្មបណ្ដាផលិតផលទេសចរណ៍ ដាក់អោយដំណើរការបន្ថែមនូវសេវាកម្មទេសចរណ៍ជាច្រើនប្រភេទ គួបផ្សំជាមួយទេសចរណ៍វប្បធម៌ខាងជំនឿព្រលឹងវិញ្ញាណដូចជា៖ រៀបចំធួរចូលរួមពិធីបុណ្យប្រពៃណី ធួរទេសចរណ៍ តំណភ្ជាប់ជាមួយប្រទេសជាមិត្ត កម្ពុជា ទេសចរណ៍ខាងជំនឿព្រលឹងវិញ្ញាណ...។
ភ្ញៀវទេសចរអញ្ជើញធ្វើដំណើរទស្សនា ស្វែងយល់អំពីជីវភាពរស់នៅរបស់អ្នក ហាតៀន ដោយជិះរ៉ឺម៉កឬហៅថារទេះស្តេច
រមណីយដ្ឋាន ថាច់ដុង នៅសង្កាត់ មីឌឹក គឺជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ស្រស់ស្អាតទាំងដប់នៃដែនដី ហាតៀន
ពេលអស្តង្គតលើឆ្នេរសមុទ្រ មូយណាយ (ទីក្រុង ហាតៀន) ឆ្នេរសមុទ្រស្ថិតក្នុងប្រភេទស្រស់ស្អាតបំផុតទាំងត្រើយខាងកើតនិងខាងលិចនៃតំបន់វាលទំនាបទន្លេ គឺវឡុង

លោក ផាមវ៉ាន់ស៊ន់ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាតៀន បានអោយដឹងថា៖ ហាទៀន បាននិងកំពុងជំរុញខ្លាំងការងារផ្សព្វផ្សាយ ជំរុញសកម្មភាពពាណិជ្ជកម្ម - ទេសចរណ៍ ស្ថាបនាសោភណភាពឲ្យល្អជាងមុននៅតាមមណ្ឌល  ចំណុចទេសចរណ៍ទាំងឡាយ បន្តការកែលម្អទីក្រុងឡើងវិញ ធ្វើអោយល្អប្រសើរជាជំហានៗ ទីក្រុងឲ្យស័ក្តិសមនឹងតួនាទីជាចំណុចស្នូលអភិវឌ្ឍន៍យ៉ាងរឹងមាំនៅតំបន់ព្រំដែន នាប៉ែកនិរតីនៃមាតុភូមិ...។ 

ជាក់ស្ដែង ហាតៀន បានដាក់អោយដំណើរការកប៉ាល់ល្បឿនលឿន ហា តៀន - ទៀនហាយ ចលនាសហគ្រាសនានាបើកបន្ថែមខ្សែផ្លូវគមនាគមន៍ផ្លូវគោកមកកាន់ ហាតៀន ចំនួន ៥ ខ្សែទៀត ប្រកាសជាផ្លូវការពីប្រជុំកោះ ហាយតាក់ ជាតំបន់ទេសចរណ៍ថ្មី...។ 

ជាមួយនឹងជំហាន ឈានឡើងដ៏រឹងមាំ សកម្មភាពពាណិជ្ជកម្ម - ទេសចរណ៍របស់ ហាតៀន បានប្រព្រឹត្តឡើងយ៉ាងអ៊ូអរ។ ឆ្នាំ ២០១៨ ហាតៀន ទទួលភ្ញៀវទេសចរបានជាង ២,៥ លានលើកនាក់ ផលចំណូលពីសេវាកម្មទេសចរណ៍សម្រេចបានដល់ជាង ១,៤ ទ្រីលានដុង កើនឡើងចំនួន ៦០ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ១៩៩៨។ ឆ្នាំ ២០១៩ ហាតៀន សម្រេចបានគោលដៅទាក់ទាញភ្ញៀវទេសចរចំនួន ២,៦ លានលើកនាក់ ផលចំណូលពីវិស័យពាណិជ្ជកម្ម - សេវាកម្ម - ទេសចរណ៍សម្រេចបានជិត ១២ ទ្រីលានដុង។
ហាទៀន បាននិងកំពុងជំរុញខ្លាំងការងារផ្សព្វផ្សាយ ជំរុញសកម្មភាពពាណិជ្ជកម្ម - ទេសចរណ៍ ស្ថាបនាសោភណភាពឲ្យល្អជាងមុននៅតាមមណ្ឌលចំណុចទេសចរណ៍ទាំង ឡាយ បន្តការកែលម្អទីក្រុងឡើងវិញ ធ្វើអោយល្អប្រសើរជាជំហានៗ ទីក្រុងឲ្យស័ក្តិសមនឹងតួនាទីជាចំណុចស្នូលអភិវឌ្ឍន៍យ៉ាងរឹងមាំនៅតំបន់ព្រំដែននាប៉ែកនិរតីនៃមាតុភូមិ...។ លោក ផាមវ៉ាន់ស៊ន់ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាតៀន (ខេត្ត កៀនយ៉ាង)។

មិនត្រឹមតែផ្តោតលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម - ទេសចរណ៍ ទីក្រុង ហាតៀន ក៏បានលើកគោលការណ៍ជំរុញខ្លាំងក្លាការ អភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអាជីវកម្មលក់ដូរ ផ្តោះប្តូរ ចរាចរទំនិញជាមួយនឹងប្រទេសជាមិត្ត កម្ពុជា រួមចំណែកក្នុងការលើកកម្ពស់តម្លៃនៃការនាំចេញ នាំចូលរវាងប្រទេសទាំងពីរ។ 
កប៉ាល់នាវាទៅមកកុះករនៅម្ដុំកំពង់ចម្លង ហាតៀន ចំណុះសង្កាត់ តូចូវ ទីក្រុង ហាតៀន
ផ្លែត្នោត - ភោគផលពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហាតៀន
របរចិញ្ចឹមត្រីក្នុងទ្រុងបែនៅតំបន់សមុទ្រចំណុះឃុំកោះ តៀនហាយ ទីក្រុង ហាតៀន គឺជារបររកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនផង ហើយជាទីដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិផង

​ថ្មីៗនេះ ទីក្រុង ហាតៀន  និងខេត្ត កៀនយ៉ាង បានបញ្ចប់រួចរាល់នូវលិខិតបទដ្ឋានដាក់ជូនក្រសួងនិងផ្នែកទាំងឡាយនៃមជ្ឈិមនិងរដ្ឋាភិបាលពិនិត្យសម្រេចចិត្តបង្កើតមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន ហា តៀន ជាមួយនឹងផ្ទៃដីសរុបលើគម្រោងប្លង់មេទំហំ ១.៦០០ ហិកតា ដែលត្រូវបានរៀបចំជាតំបន់មុខងារផ្សេងៗ ដូចជា៖ តំបន់លើកលែងពន្ធ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិ តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ តំបន់រដ្ឋបាល តំបន់លំនៅដ្ឋានប្រជាជននិងតំបន់មុខងារផ្សេងៗ ទៀត។ ហាតៀន សព្វថ្ងៃនេះពិតជាកំពុងមានការប្រែខ្លួនបញ្ជាក់ពីជំហររបស់ទីក្រុងក្មេងខ្ចីមួយនៅតំបន់ព្រំប្រទល់នៃមាតុភូមិ៕
ធូហឿង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖