ឥណ្ឌូនេស៊ី៖ បានស្រង់ប្រអប់ខ្មៅយន្តហោះ AirAsia ដែលបានធ្លាក់នៅសមុទ្រ Java

“ខ្ញុំបានទទួលព័ត៌មានពីសំណាក់ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិថា នៅវេលាម៉ោង ៧ និង ១១ នាទី (ម៉ោងក្នុងតំបន់) ក្រុមស្វែងរកបានស្រង់ដោយជោគជ័យនូវឧបករណ៍កត់ត្រាទិន្នន័យជើងហោះហើរ” អ្នកដឹកនាំស្ថាប័នជួយសង្រ្គោះ នៃប្រទេស ឥណ្ឌូនេស៊ី បានអោយដឹងដូច្នោះឯង។
 
លោកនេះក៍បានពោលបន្ថែមថា អ្នកមុជទឹកទើបស្រង់បានតែ​ឧបករណ៍​កត់ត្រាទិន្នន័យ​ជើងហោះហើរ រីឯប្រដាប់ថតសំលេងនៅបន្ទប់អ្នកបើកវិញ គឺនៅតែត្រូវបានស្វែងរកជាបន្ត។

ប្រអប់ខ្មៅយន្តហោះរួមមានឧបករណ៍ពីរ គឺឧបករណ៍កត់ត្រាទិន្នន័យជើងហោះ​ហើរ​និងប្រដាប់ថតសម្លេងនៅបន្ទប់អ្នកបើកដែលជាភស្តុតាង​ដ៏សំខាន់ដើម្បី​កំណត់ថា តើយន្តហោះបានជួបប្រទះនឹងគ្រោះថ្នាក់យ៉ាងដូចម្តេច។

មុននោះ បន្ទាប់ពីដំណើរការស្រង់យកផ្នែកកន្ទុយរបស់យន្តហោះនាថ្ងៃទី ១១ មករា ក្រុមស្វែងរកនៃប្រទេស ឥណ្ឌូនេស៊ី ក៏បានរក​ឃើញប្រអប់​ខ្មៅ​យន្តហោះ បច្ចុប្បន្ននៅតែអោយសញ្ញា “​ពីងៗ​” ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពី​ពេល​អោយដំណើរការ។

ក្រសួងគមនាគមន៍ដឹកជញ្ជូន​ ឥណ្ឌូនេស៊ី បានអោយដឹងថា ឧបករណ៍​កត់ត្រាទិន្នន័យជើងហោះហើរនេះ ត្រូវគៀបជាប់​នៅចន្លោះបំណែក ២ របស់​តួយន្តហោះ ដូច្នេះហើយបានជាអ្នកមុជទឹកត្រូវតែដំណើរការបំបែកនិង​ទាញ​បំណែកទាំងនោះឡើងដោយប្រើបាឡុងខ្យល់ ទើបស្រង់បានប្រអប់ខ្មៅ។

ជើងហោះហើរពាក់លេខកូដ QZ8501 របស់ AirAsia ដឹកមនុស្សចំនួន ១៦២ នាក់ បានជួបប្រទះនឹងគ្រោះថ្នាក់កាលពីថ្ងៃទី ១៨ ធ្នូ ខណៈកំពុងហោះ​ហើរ​ចេញ​ពីទីក្រុង Surabaya ទៅកាន់ប្រទេស សិង្ហបុរី។ ស្ថាប័នឧតុនិយម ​ឥណ្ឌូនេស៊ី បាននិយាយថា អាកាសធាតុអាក្រក់គឺជាមូលហេតុបណ្តាល​អោយយន្តហោះ Airbus A320-200 ធ្លាក់ចុះទៅក្នុងសមុទ្រ។

យ៉ាងណាមិញ ស្ថាប័នសមត្ថកិច្ចនៅតែចាំបាច់ត្រូវធ្វើវិភាគទិន្នន័យ​ពីប្រអប់ខ្មៅយន្តហោះ ទើបអាចផ្តល់ការសន្និដ្ឋានជាផ្លូវការបាន។